ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី ៨ សីហា ២០២៥ បានគូសបញ្ជាក់ថា អូស្ត្រាលីនឹងបង្កើនចំនួននិស្សិតអន្តរជាតិ ឡើងដល់ ២៩៥ ០០០ នាក់ នៅឆ្នាំ២០២៦ ដោយផ្តោតលើនិស្សិតមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា។ អូស្រ្តាលីចង់ឱ្យនិស្សិតមើលឃើញប្រទេសអូស្ត្រាលីជាគោលដៅដ៏មានតម្លៃ ដែលពួកគេអាចទទួលបានការអប់រំដែលមានគុណភាពខ្ពស់។
យោងតាមសេចក្តីជូនដំណឹងនៃ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៦ អូស្ត្រាលី នឹងបង្កើនចំនួនសិស្សអន្តរជាតិបន្តការសិក្សានៅប្រទេសអូស្រ្តាលីច្រើនជាងមុន ដើម្បីកសាងភាពជាដៃគូជុំវិញតំបន់អាស៊ីអាគ្នេយ៍បានកាន់តែប្រសើរជាងមុន ព្រមទាំងកសាងសមត្ថភាពយុវជនជំនាន់ក្រោយឱ្យមានសមត្ថភាពតាមរយៈការអប់រំគុណភាពខ្ពស់នៅអូស្រ្តាលី។
បើតាមគេហទំព័រ Minister of Education ប្រចាំអូស្រ្តាលី លោក The Hon Julian Hill MP ជំនួយការរដ្ឋមន្ត្រីក្រសួងអប់រំអន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រឱ្យមានកំណើនចំនួនសិស្សអន្តរជាតិ ប្រកបដោយនិរន្តរភាព និងរៀបចំកិច្ចការតាមទំនួលខុសត្រូវនៃស្ថាប័នគ្រប់ជាន់ថ្នាក់ ដើម្បីអាចស្វាគមន៍និស្សិតកាន់តែច្រើនពីអាស៊ីអាគ្នេយ៍ និងកន្លែងដែលអមដោយលំនៅដ្ឋានថ្មីបន្ថែមទៀត។ អូស្រ្តាលីចង់ឱ្យនិស្សិតមើលឃើញប្រទេសអូស្ត្រាលីជាគោលដៅដ៏មានតម្លៃ ដែលពួកគេអាចទទួលបានការអប់រំគុណភាពខ្ពស់ និងបទពិសោធន៍សិស្សដ៏ល្អសម្រាប់អនាគតរបស់ពួកគេ៕