ឧត្តរមានជ័យ៖ ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ អង្គភាពCMAC បានរកឃើញថា កងទ័ពថៃ បានទម្លាក់គ្រាប់បែកពីយន្តហោះចំនួន ១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។
សូមបញ្ជាក់ថាគ្រាប់បែកMK-84នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។ សូមបញ្ជាក់ថានៅចំនុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែកMK-84 ដែលបានឃើញនេះផងដែរ៕