ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង ដល់សិស្សដែលបាននិទ្ទេសរួម A, B, ឬ C, សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយឆ្លងកាត់ដាក់ពាក្យ ប្រលង និងសម្ភាស។ អាហារូបករណ៍នេះ មានផ្តល់ជូនកុំព្យូទ័រយួរដៃ ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា ១០០%, និងឱកាសទទួលបានការជ្រោមជ្រែង ដើម្បីសម្រួលដល់ការសិក្សា។
យោងតាមសេចក្តីជូនដំណឹងនៃ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។
បើតាមសេចក្តីជូនដំណឹង ដើម្បីអាចទទួលបានអាហារូបករណ៍នេះ សិស្សត្រូវមានគ្រប់លក្ខខណ្ឌ និងឆ្លងកាត់ដំណាក់កាលចំនួន៣ គឺទី១ ការបំពេញពាក្យ ទី២ត្រូវប្រឡងប្រជែង ទី៣ វគ្គសម្ភាសផ្ទាល់មាត់។ លក្ខខណ្ឌដើម្បីអាចដាក់អាហារូបករណ៍នេះ - ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C , ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ ផ្ទាល់មាត់។ អាហារូបករណ៍នេះ ផ្តល់អាទិភាពចំពោះសិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី។
ក្រសួងបានគូសបញ្ជាក់ថា ក្រោយបានលទ្ធផលជានិស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិស្សនឹងទទួលបានអត្ថប្រយោជន៍ ដូចជា កុំព្យូទ័រយួរដៃ ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ - ២៤,៧០០ ដុល្លារអាម៉េរិក, ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិង ក្រៅប្រទេស, ព្រមទាំងបានការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។
គួរបញ្ជាក់ថា អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់សិស្សដែលបាននិទ្ទេស A,B, ឬ C ដើម្បីដាក់ពាក្យជ្រើសរើសសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ដែលជាដៃគូរបស់ក្រសួងប្រៃសនីយ៍ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល(CADT) ចំនួន២០០នាក់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ៤០នាក់, សាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣០នាក់, សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន១០នាក់, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនចំនួន២០នាក់, និងសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញចំនួន២០០នាក់៕