វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋអាឡាស្កា (៨៨គីឡូពីព្រំដែនរុស្ស៊ី) ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់ជំនួបជាផ្លូវការរវាងលោកប្រធានាធិបតីទាំងពីរពីលោកដូណាល់ត្រាំ។
បើតាមលោកដូណាល់ត្រាំភាគីនានារួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជិតឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលអាចដោះស្រាយជម្លោះរយៈពេល ៣ ឆ្នាំកន្លះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ។ លោកដូណាល់ត្រាំបានបញ្ជាក់ទៀតថានៅក្នុងកិច្ចចរចាខាងមុខនេះអាចនឹងមានការរផ្លាស់ប្តូរទឹកដីខ្លះរវាងរុស្ស៊ី និងអ៊ុយក្រែនដើម្បីឈានរកសន្តិភាព។
ជំនួយការរបស់លោកពូទីន លោក Yuri Ushakov បានបញ្ជាក់ទៀតថាជំនួបរវាងមេដឹកនាំទាំងពីរនឹង ផ្តោតលើការពិភាក្សាអំពីជម្រើសសម្រាប់ការសម្រេចបាននូវដំណោះស្រាយសន្តិភាពរយៈពេលវែងចំពោះវិបត្តិអ៊ុយក្រែន។ លោកថានេះជាដំណើរការដ៏ពិបាកមួយសម្រាប់ឈានទៅរកសន្តិភាព។
គួរកត់សម្គាល់ថាប្រធានាធិបតីរុស្ស៊ីលោកពូទីនធ្លាប់បានទាមទារតំបន់អ៊ុយក្រែនចំនួនបួនគឺ Luhansk, Donetsk, Zaporizhzhia និង Kherson ជាថ្នូទៅនឹងបញ្ចប់សង្រ្គាមរុស្ស៊ីអ៊ុយក្រែន ហើយក្នុងនោះលោកក៏បានប្រាប់ឲ្យអ៊ុយក្រែនផ្អាកការសុំចូលជាសមាជិកអង្កការណាតូផងដែរ៕