ថៃ៖ រដ្ឋអាជ្ញានៃប្រទេសថៃនៅល្ងាចថ្ងៃទី ៧ ខែ សីហាបានចោទប្រកាន់ជនសង្ស័យចំនួន ២៣ នាក់ រួមទាំងប្រធានក្រុមហ៊ុន Italian-Thai Development Plc និងតំណាងក្រុមហ៊ុនរដ្ឋរបស់ចិនផងដែរ ចំពោះតួនាទីរបស់ពួកគេក្នុងការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ កម្ពស់ ៣០ ជាន់ដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក អំឡុងពេលគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃអ្នកដែលស្លាប់ភាគច្រើនជាកម្មករសំណង់ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្លា និងអំពាវនាវឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅក្នុងឧស្សាហកម្មសំណង់របស់ប្រទេសថៃ។ ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់នោះមានលោក Premchai Karnasuta ប្រធានក្រុមហ៊ុន Italian-Thai Development និងជានាយកប្រតិបត្តិក្រុមហ៊ុន China Railway Number 10 (Thailand) Ltd. ព្រះរាជអាជ្ញាបានចោទប្រកាន់លោក Karnasuta រួមជាមួយនឹងបុគ្គលចំនួន ២១ នាក់ផ្សេងទៀត និងក្រុមហ៊ុនចំនួន ៧ រួមទាំងក្រុមហ៊ុនស្ថាបត្យកម្មមួយផងដែរ ជាមួយនឹងការបំពានច្បាប់សំណង់ ការធ្វេសប្រហែសវិជ្ជាជីវៈបណ្តាលឱ្យស្លាប់ និងក្លែងបន្លំឯកសារសាងសង់។
លោក Sakkasem Nisaiyok អ្នកនាំពាក្យការិយាល័យអគ្គមេធាវីរបស់ប្រទេសថៃបានប្រកាសពីការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយកត់សម្គាល់ថាសំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការព្រហ្មទណ្ឌដោយនឹងមានសាលក្រមរំពឹងទុកក្នុងរយៈពេលប៉ុន្មានខែ។
គួរកត់សម្គាល់ថាការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ដែលមានចំណុចកណ្តាលនៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាក្នុងតំបន់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា និងយ៉ាងហោចណាស់មនុស្ស ៨៩ នាក់នៅទីតាំងទីក្រុងបាងកក ដោយមានសព ១១ នាក់ផ្សេងទៀតនៅតែមិនទាន់ស្គាល់អត្តសញ្ញាណ។ ការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ មកពីការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ និងការរំលោភបំពានច្បាប់សាងសង់ទើបបណ្តាលឲ្យអគារបាក់ដួលរលំ៕