ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ចំនួន ៣៧០០ នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បើកទទួលពាក្យតាមអនឡាញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ សីហា ២០២៥។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ដើម្បីចូលរួមសង្កេតការណ៍តាមមណ្ឌលប្រឡងរាជធានី-ខេត្ត ដែលមានលក្ខខណ្ឌក្នុងការចុះឈ្មោះ និងលក្ខខណ្ឌជ្រើសរើស មានចែងក្នុងចំណុច II និងចំណុច III ក្នុងសេចក្តីជូនដំណឹងនេះ។
លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័ក្រចិត្ត គឺបេក្ខជនត្រូវមានអាយុចាប់ពី ២១ ឆ្នាំ ឡើងទៅ ដែលជានិស្សិត ឬបុគ្គលផ្សេងទៀតក្រៅពីព្រះសង្ឃ (កំពុងគង់ចាំព្រះវស្សា) គ្រូបង្រៀន មន្ត្រីរាជការសាធារណៈ និងអ្នកសារព័ត៌មាន។ ជាពិសេស បេក្ខជនមិនត្រូវចូលរួមសង្កេតការណ៍ក្នុងមណ្ឌលប្រឡងដែលមានបងប្អូន សាច់ញាតិ ឬមិត្តភ័ក្តិជាបេក្ខជនប្រឡងដែលនេះជា ទំនាស់ផលប្រយោជន៍ ព្រមទាំងត្រូវចូលរួមវគ្គបណ្តុះបណ្តាល/កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្រៅពីនេះ បេក្ខជនត្រូវទាញយកកម្មវិធី Angkor Life មកប្រើប្រាស់សម្រាប់ការជូនដំណឹង និង Telegram សម្រាប់ទំនាក់ទំនងការងារ សង្កេតការណ៍ និងមានអាសយដ្ឋានស្នាក់នៅរាជធានី ឬខេត្តដែលខ្លួនសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត។ ចំពោះអ្នកស្ម័គ្រចិត្ត ចូលរួមសង្កេតការណ៍ការប្រឡងនៅខេត្តឧត្តរមានជ័យ ត្រូវមកសង្កេតការណ៍ការប្រឡងនៅក្នុងភូមិសាស្ត្រស្រុកពួកនៃ ខេត្តសៀមរាបវិញ។ បេក្ខជនត្រូវមានមធ្យោបាយ ធនធាន ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួនឯង រួមទាំង មធ្យោបាយធ្វើដំណើរ។
អង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា លក្ខខណ្ឌសម្រេចក្នុងការជ្រើសរើសករណីបេក្ខជនមានគ្រប់លក្ខណៈសម្បត្តិដូចគ្នាដែលលើសពីចំនួន និងផ្តល់អាទិភាពជ្រើសរើសបេក្ខជនដាក់ពាក្យមុន ជាពិសេសសម្រាប់និស្សិតដែលកំពុងសិក្សាតាមគ្រឹះស្ថានសិក្សានានា (មានបណ្ណសម្គាល់និស្សិតភ្ជាប់ពេលដាក់ពាក្យ) ព្រមទាំងផ្តល់អាទិភាពដល់នារីជាបេក្ខជនដាក់ពាក្យស្ម័គ្រចិត្ត។
ដើម្បីចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត អាចចូលទៅកាន់តំណភ្ជាប់ http://tiny.cc/9bho001 ឱ្យបានត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ម៉ោង ២៤:០០ នាទី។ ចំណែកឯបេក្ខជនដែលជាប់ នឹងត្រូវ ប្រជុំលើកដំបូងជាមួយក្រុមការងារមន្ត្រី អ.ប.ព. ដឹកនាំការសង្កេតការណ៍ថ្នាក់រាជធានី-ខេត្ត នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីទទួលការណែនាំអំពីបទប្បញ្ញត្តិ តួនាទី ភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ប្រគល់ជូនបណ្ណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ការបែងចែកភារកិច្ច៕