ភ្នំពេញ៖ យុវជនកម្ពុជា ២៤រូប បានជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) ជំនាន់ទី២៥ ដើម្បីបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាល្បីៗ ក្នុងប្រទេសជប៉ុន នៅឆ្នាំ២០២៥នេះ។ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២២នាក់ និងបណ្ឌិតចំនួន ២នាក់។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) បានផ្តល់ឱកាស ដល់បញ្ញវន្តកម្ពុជា តាំងពីឆ្នាំ២០០១ មកម្ល៉េះ មកដល់ពេលនេះ មានបញ្ញវន្តកម្ពុជា ចំនួន ៥៩៧នាក់ (នារី ១៥៩នាក់) បានបញ្ចប់ការសិក្សា និងត្រឡប់មកកម្ពុជាវិញ ហើយកំពុងបម្រើប្រទេសជាតិ នៅតាមក្រសួង ស្ថាប័ននានា។ បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជា ចំនួន ៧៧នាក់ កំពុងសិក្សានៅប្រទេសជប៉ុន នឹងត្រូវបញ្ចប់ការសិក្សា ហើយត្រឡប់មកអភិវឌ្ឍជាតិមាតុភូមិកម្ពុជាវិញជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ក្រសួងអប់រំ បានរៀបចំពិធីជូនដំណើរបញ្ញវន្តទាំង២៤រូបមុននឹងចាកចេញពីកម្ពុជាបន្តការសិក្សានៅជប៉ុន កាលពីថ្ងៃទី ៦ សីហា ២០២៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ជួន ជីវិន អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕