ឧត្តរមានជ័យ៖ មន្ត្រីស្ថានទូតចិននៅកម្ពុជា នៅថ្ងៃទី៦ សីហានេះ នាំយកថវិកា ១០ម៉ឺនដុល្លារ ដើម្បីចូលរួមការជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋ និង កងទ័ព ដែលរងការខូចខាតពីការវាយប្រហាររបស់យោធាថៃ នៅខេត្តឧត្តរមានជ័យ។ការនាំយកអំណោយនេះ ធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា វ៉ាង វិនពីន បានចុះទស្សនកិច្ចពិនិត្យពីផលខូចខាតជាក់ស្តែងនៃសង្គ្រាម៥ថ្ងៃ ដោយសារការឈ្លានពានរបស់កងទ័ពថៃ។
លោក មាន ចាន់ យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ថវិកាប្រមាណ១០ម៉ឺនដុល្លារនេះ ដើម្បីចូលរួមការជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋចំនួនប្រហែល២០ផ្ទះ ជួសជុលវត្តតាមាន់សែនជ័យ និងពង្រឹងបន្ថែមសេវានានាដូចជាទឹកស្អាត ប្រព័ន្ធអគ្គិសនី។
គួរបញ្ជាក់ថា លោក វ៉ាង វិនពីន រួមទាំងរួមទាំងតំណាងអង្គទូតប្រចាំកម្ពុជា និងអង្គការអន្តរជាតិសរុប២២រូប ទៅខេត្តឧត្តរមានជ័យ និងសៀមរាប បានចុះពិនិត្យមើលផ្ទាល់នូវទីតាំងគ្រាប់បែកដែលថៃទម្លាក់មកលើកម្ពុជា និងជំរំភៀសសឹក នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ពីថ្ងៃទី១-២ ខែសីហានេះ។
ដំណើរចុះពិនិត្យផលប៉ះពាល់នៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ របស់តំណាងទូតប្រចាំកម្ពុជា ក្នុងរយៈពេល២ថ្ងៃ គឺដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕