ភ្នំពេញ៖ សារមន្ទីរទួលស្លែង សហការជាមួយ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ដើម្បីរៀបចំសិក្ខាសាលា «យុវជន និងការកសាងសន្តិភាព» ជំនាន់ទី៧ ក្រោមប្រធានបទ “ការកសាងសន្តិភាពក្នុងយុគសម័យឌីជីថល៖ ប្រវត្តិសាស្រ្តខ្មែរក្រហម និងការអប់រំសន្តិភាព” ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលាបន្តបើកទទួលពាក្យពីសិស្សវិទ្យាល័យ និងនិស្សិតដល់ថ្ងៃទី ៨ សីហា ២០២៥។
យោងតាមគេហទំព័រនៃ សារមន្ទីរទួលថ្លែង បានឱ្យដឹងថានេះជាលើកទី៧ហើយ ដែលកម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងសម្រាប់យុវជន ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការយល់ដឹងប្រវត្តិសាស្ត្រខ្មែរក្រហម ការពារការកើតឡើងវិញនូវអំពើប្រល័យពូជសាសន៍ តាមរយៈការឈ្វេងយល់ពីវិនាសកម្មសង្គ្រាម ទប់ស្កាត់ការរើសអើង សាសនា ជំរុញការផ្សះផ្សា និងពង្រឹងសមត្ថភាពយុវជនដើម្បីរក្សាសន្តិភាពនៅក្នុងសង្គម។
បើតាមប្រភពដដែល តាមរយៈការចូលរួមសិក្ខាសាលា សិស្សនិស្សិតនឹងមានឱកាសជួបជាមួយវាគ្មិនជំនាញចែករំលែកចំណេះដឹង បទពិសោធនានាពាក់ព័ន្ធនឹងប្រធានបទនៃសិក្ខាសាលា ព្រមទាំងអាចស្វែងយល់ដំបូន្មានអប់រំសន្តិភាពពីសាសនា (ពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនា)។ បន្ថែមពីនេះ សិស្សនឹងមានដំណើរទស្សនកិច្ចទៅកាន់ទីតាំងប្រវត្តិសាស្ត្រនិងស្ថាប័នដែលកំពុងធ្វើការងារផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបង្កើនការយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការសិក្សាពីប្រវត្តិសាស្ត្រ។
ដើម្បីអាចចូលរួមបាន បេក្ខជនត្រូវជា សិស្សវិទ្យាល័យថ្នាក់ទី១១-១២ ឬ ជានិស្សិតមហាវិទ្យាល័យគ្រប់ជំនាញ (ជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្ត)។ សិស្សនិស្សិតអាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០រសៀល។ កម្មវិធីផ្តល់ជូននូវសម្ភារសិក្ខាសាលា អាហារសម្រន់ និងអាហារថ្ងៃត្រង់ ការចំណាយថ្លៃមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅសម្រាប់សិក្ខាកាមមកពីខេត្ត ព្រមទាំងវិញ្ញាបនបត្របញ្ជាក់ការចូលរួមសម្រាប់សិស្សនិស្សិតផងដែរ។
កម្មវិធីនេះត្រូវបានសហការរៀបចំដោយ សារមន្ទីរទួលស្លែង និងមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ។ ករណីមានចម្ងល់បន្ថែម សិស្សអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ឬតាមតេឡេក្រាម៖ កញ្ញា គុណ ទិត្យផល្លីកា ០១២ ២៥៥ ៩៦៤ / លោក លន់ ចន្ថា ០៩៦ ៦៤១ ៨៩៨១៕