ភ្នំពេញ៖កញ្ញា នៅ ស្រីពៅ បច្ចុប្បន្នជាអ្នកប្រដាល់ដ៏ឆ្នើមមួយរូបប្រចាំកម្ពុជា។ កញ្ញាបានឈប់ពីការសិក្សាត្រឹមថ្នាក់ទី៩ ហើយមកធ្វើការជាកម្មកររោងចក្រនៅភ្នំពេញអស់រយៈពេលជាង១ឆ្នាំ។ក្រោយមកកញ្ញា បានសម្រេចចិត្តចូលហាត់កីឡាប្រដាល់ ដែលកាលពីដំបូងឡើយ ម្ដាយរបស់ស្រីពៅ មិនព្រមឱ្យកូនស្រីចូលហាត់នោះទេ តែដោយសារតែការខិតខំ និងបានសាងស្នាដៃល្អៗជាច្រើន ម្តាយរបស់កញ្ញាក៏យល់ព្រមតាមក្តីស្រឡាញ់របស់កញ្ញា។ក្នុងបទសម្ភាសន៍កញ្ញា នៅ ស្រីពៅ បានប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងនាមជាមនុស្សស្រីម្នាក់អាចដើរដល់ផ្លូវ គ្រប់យ៉ាងគឺមកពីស្រីពៅមានគោលដៅច្បាស់លាស់ ស្មារតីរឹងមាំ និងភាពអត់ធ្មត់ច្រើន ស្រីពៅបានស៊ូនឹងពាក្យបំបាក់ទឹកចិត្តបែរជាលើកទឹកចិត្តខ្លួនឯងឱ្យបានច្រើន ព្រោះមិនចង់ធ្វើការងារឱ្យគេដូចអាជីពកម្មកររោងចក្រ ដោយប្ដូរមកជ្រើសអាជីពជាកីឡាការិនីប្រដាល់ដែលខ្លួនស្រលាញ់ និងមានដុងពីកំណើតវិញ។
ដោយសារខ្លួនក៏មិនមែនជាអ្នកបានរៀនបានខ្ពង់ខ្ពស់នោះទេ ភាគច្រើនគេសួរថា ស្រីពៅ! រៀនដល់ថ្នាក់ណាដែរ ចប់ថ្នាក់បាក់ឌុបពេលណា? ចម្លើយនោះគឺ ស្រីពៅបានរៀនត្រឹមថ្នាក់ទី៩តែប៉ុណ្ណោះ។ តាមពិតទៅ សម្រាប់ស្រីពៅផ្ទាល់ ក៏ចង់រៀនឱ្យបានចប់ចុងចប់ដើមនឹងគេដែរ តែដោយសារបញ្ហាជីវភាពបន្ទុកគ្រួសារនៅខ្សត់ខ្សោយ និងនៅមានកម្រិត ទើបស្រីពៅបានបង្ខំចិត្តឈប់រៀន។
នៅដើមឆ្នាំ២០១៣ ស្រីពៅ មានអាយុប្រមាណ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារបញ្ហាជីវភាពគ្រួសារ ស្រីពៅ បានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ នៅវិទ្យាល័យទូលអំពិល ហើយសម្រេចចិត្តចូលធ្វើការនៅរោងចក្រមួយនៅភ្នំពេញដែលជាស្រុកកំណើតរបស់ខ្លួន។ក្រោយមកឳពុករបស់ស្រីពៅ ក៏បានសួរទៅកូនស្រីថា តើកូនចង់ហាត់ប្រដាល់ដែរទេ? ជាមួយនឹងបងប្រុសបង្កើតម្នាក់របស់ស្រីពៅគឺ លោក នៅ ស៊ីថា ក៏ជាអ្នកហាត់ប្រដាល់គុនខ្មែរមួយរូបផងដែរ។កញ្ញា ស្រីពៅក៏មិនទាន់យល់ព្រមភ្លាមៗ ដោយទុកពេលសម្រេចចិត្តនៅពេលក្រោយ។ដោយសារស្រីពៅ មិនចង់ធ្វើការនៅរោងចក្រទៀតទេ ចង់ធ្វើការដោយខ្លួនឯង មិនមានគេថាឱ្យនៅមុខក្រោយឡើយ ទើបសម្រេចចិត្តថា ចូលហាត់ប្រដាល់។
តែអ្វីជាឧបសគ្គ ម្ដាយស្រីពៅមិនព្រមឱ្យចូលហាត់ដូចឪពុករបស់ស្រីពៅឡើយ។ ស្រីពៅ ចំណាយពេលជាង០៣ខែ ទំរាំតែបញ្ចុះបញ្ជោរម្ដាយឱ្យយល់ព្រមបាន ហេតុនេះស្រីពៅត្រូវតែបេ្តជ្ញាចិត្តថា ខ្លួននឹងធ្វើឱ្យគាត់បានឃើញថា ខ្លួនជាមនុស្សស្រីក៏អាចធ្វើបានដែរ។ ជាមួយគ្នានេះផងដែរ អ្នកជិតខាងក៏ធ្លាប់ថាឱ្យឪពុកម្ដាយរបស់ស្រីពៅថា ម្ដេចក៏បណ្ដោយឱ្យកូនស្រីទៅហាត់ប្រដាល់ដូចមនុស្សប្រុសចឹង វាអត់សមទេ។ អញ្ចឹងហើយស្រីពៅចង់ធ្វើឱ្យពួកគាត់ទាំងអស់នោះ បានឃើញ និងបានយល់ថា មនុស្សស្រីក៏អាចធ្វើបានដូចមនុស្សប្រុសបានដែរ ដែលជាកម្លាំងចិត្តធ្វើឱ្យស្រីពៅខិតខំខ្លាំងណាស់។
កញ្ញាស្រីពៅ និយាយថា «ពេលចូលហាត់ដំបូង វាឈឺខ្លួនមែនទែន។ បើអ្នកដែលមិនអាចស៊ូបាន និងមិនមានភាពអត់ធ្មត់ច្រើនទេនោះ ប្រហែលពួកគេអាចនឹងបោះបង់នៅពាក់កណ្ដាលទីក៏ថាបាន។ តែសម្រាប់ខ្ញុំវិញមិនចង់បោះបង់ឡើយ ដោយសារខ្ញុំគិតថាខ្ញុំនឹងធ្វើតាមអ្វីដែលខ្លួនប៉ងប្រាថ្នាឱ្យបានសម្រេចជោគជ័យខានមិនបាន ហើយម្យ៉ាងទៀតមានការលើកទឹកចិត្តពីគ្រួសារទៀតផង ហេតុនេះខ្ញុំមិនបោះបង់ចោលនោះទេ»។
អាជីពក្នុងវិស័យប្រដាល់មួយនេះ វាពិបាកណាស់ វាទាមទារឱ្យស្រីពៅត្រូវហាត់សមប្រដាល់ជាមួយសិស្សច្បងប្រុសៗផ្សេងៗទៀត តែវាជារឿងមួយដែលស្រីពៅត្រូវជំនះនូវឧបសគ្គនេះឱ្យបាន។ កញ្ញាស្រីពៅ បានចាប់ផ្ដើមហាត់ប្រដាល់លើកដំបូង គឺមានគ្នាស្រីត្រឹមតែបីរូបប៉ុណ្ណោះ គឺសិស្សច្បងម្នាក់ដែលបានបោះបង់ការហាត់ មិត្តរួមជំនាន់ម្នាក់ និងស្រីពៅផ្ទាល់។ កាលវិភាគក្នុងការហាត់ ព្រឹកហាត់ចំនួន២ម៉ោង ថ្ងៃរសៀលហាត់ ២ម៉ោងបន្ថែមទៀត។ ការហាត់ប្រដាល់នេះ កញ្ញាស្រីពៅ មិនបានចំណាយថវិកាឡើយ ហើយក៏មិនមានអ្នកណាឧបត្ថម្ភដល់យើងដែរ អ្វីដែលជាគោលដៅនោះគឺ ការស្ម័គ្រចិត្តចូលហាត់ប្រដាល់ដោយសុទ្ធចិត្ត។
លើសពីនេះទៅទៀត កញ្ញាបានជួបបញ្ហាច្រើន ការហាត់រយៈពេលយូរ ទាមទារឱ្យប្រើ និងបញ្ចេញកម្លាំងសព្វសារពាង្គកាយយ៉ាងច្រើន ជាធម្មតា មនុស្សស្រីមិនសូវដូចមនុស្សប្រុសទេ តែដល់ពេលស្រីពៅចូលហាត់ប្រដាល់ ត្រូវហាត់ដូចជាមនុស្សប្រុសដទៃទៀត។ ពេលខ្លះកញ្ញាស្រីពៅ មានអារម្មណ៍ហត់ខ្លាំងមែនទែន ជួនកាលត្រូវគ្រេចកជើងគ្រេចកដៃ សន្លាក់ឆ្អឹងផ្សេងៗ ជួនកាលខ្លះទៀតប៉ះពាល់មុខទៀតផងដូចជា ខៀវមុខ ខៀវមាត់ ដោយសារកម្លាំងដៃរបស់ដៃគូពេលហាត់សមផងដែរ។
កីឡាការិនីប្រដាល់រូបនេះ បានបន្ថែមថា « ខ្ញុំដឹងហើយថា វាជារឿងធម្មតានោះទេ នៅពេលដែលចូលហាត់រមែងតែងតែមិនងាយស្រួលនោះទេ ហត់ក៏ហត់ ពិបាកក៏ពិបាក ណាមួយខ្លួនជាមនុស្សស្រីទៀត តែសំខាន់ថាតើខ្ញុំត្រូវតែហ៊ានលះបង់ប៉ុណ្ណា និងហ៊ានដាក់ចិត្តដាក់កាយដល់កម្រិតណា ក្នុងនាមជាកីឡាករម្នាក់ដែលស្រលាញ់វិស័យខាងនេះមួយរូបផងនោះ។ យ៉ាងណាមិញ ពាក្យថាអាជីពជាអ្នកប្រដាល់ មានអត្ថន័យថា អ្នកតស៊ូ ហើយលក្ខណៈពិសេសនេះគឺកញ្ញាចង់ឱ្យនៅស្រុកខ្មែរយើងមានអ្នកប្រដាល់ស្រីជាកីឡាការិនីតំណាងឱ្យប្រទេសខ្មែរនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ហើយកញ្ញាចង់កាន់ទង់ជាតិប្រទេសខ្មែរនៅឆាកអន្តរជាតិ។
ស្រីពៅ យល់ថា គេមិនសូវផ្ដល់តម្លៃឱ្យ «កីឡាការិនីប្រដាល់ជាមនុស្សស្រី» នោះទេ គេមើលងាយថា មនុស្សស្រីទន់ខ្សោយមិនអាចធ្វើបានមនុស្សប្រុសធ្វើ។ មនុស្សស្រីម្នាក់ ធ្លាប់មានអាជីពជាអ្នកធ្វើការរោងចក្រ រហូតដល់បច្ចុប្បន្នបានក្លាយជាកីឡាការិនីប្រដាល់ វាមិនមែនជារឿងចៃដន្យនោះទេ តែវាជាការបេ្ដជ្ញាចិត្តប្រកបដោយចិត្តមោះមុត និងអត់ធ្មត់ព្យាយាម។ ម្ដាយរបស់ស្រីពៅ បាននិយាយប្រាប់កូនស្រីរបស់ខ្លួនថា ម្ដាយពិតជាមិននឹកស្មានថាកូនអាចធ្វើបាន ព្រោះពីដំបូងម្ដាយព្រមឱ្យកូនស្រីទៅហាត់ប្រដាល់នោះ គិតថាបណ្ដោយតាមចិត្តកូនមួយក្ដារចុះ ដោយសារចិត្តចង់មួយខ្យល់តែប៉ុណ្ណោះ។
ក៏ប៉ុន្តែស្រីពៅ បានបញ្ជាក់ថា ក្នុងពេលចាប់ផ្ដើមហាត់ប្រដាល់ ស្រីពៅពិតជាមានគោលដៅច្បាស់លាស់ណាស់ ស្រីពៅពិតជាចង់ហាត់ និងចាប់អាជីពជាកីឡាការិនីប្រដាល់ពិតប្រាកដមែន។ លុះក្រោយមក ស្រីពៅ ប្រឡូកចូលបានឈ្នះការប្រកួតជាច្រើនដងជាមួយកីឡាការិនីផ្សេងៗទៀត ទើបម្ដាយរបស់ស្រីពៅ មានមោទនភាពចំពោះកូនស្រី ជាមួយនឹងការអាណិតកូនស្រីផងដែរ ដែលខិតខំតាំងពីដើមមក តែយ៉ាងណាគាត់នៅតែលើកទឹកចិត្តដល់កូនស្រី។ ទន្ទឹមនឹងពេលទទួលបានជោគជ័យ ដល់ពេលគាត់ទៅណាមកណាតែងតែលឺអ្នកស្រុកភូមិតែសរសើរពីកូនថា កូនស្រីពិតជាខ្លាំងមែនដែលប្រកួតឈ្នះលើសៃរៀនគាត់ក៏សប្បាយចិត្តខ្លាំង ដែលខុសពីកាលដំបូងឡើយ ដែលមានតែពាក្យអ្នកមួយចំនួនថាឱ្យម្ដាយឪពុករបស់ស្រីពៅទៅវិញ។
វិធីសាស្រ្តពេលលោកគ្រូ និងគ្រួសាររបស់ស្រីពៅបានណែនាំខ្លួនមានដូចជា «បើសិនចង់ឱ្យគេស្គាល់ និងទទួលបានជោគជ័យដើម្បីឈ្នះការប្រកួត គឺត្រូវព្យាយាមហាត់វាយឱ្យបានល្អ មានក្បាច់វាយបានល្អ រហ័សរហួន តាមស្ដង់ដារដែលគេទទួលស្គាល់ ហើយស្រីពៅពិតជាប្រឹងប្រែងមែនទែន ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យជាក់ជាប្រាកដមែន ដើម្បីក្លាយជាកីឡាការិនីឆ្នើមមួយរូបដែលគេទទួលស្គាល់»។
អ្វីដែលកញ្ញា ស្រីពៅ បានសាងស្នាដៃច្រើនគួរសមនៅលើឆាកអន្តរជាតិតំណាងឱ្យមាតុភូមិកម្ពុជា គឺទីមួយ ស្រីពៅបានទទួលមេដាយកិត្តិយសចំនួន០២ ដែលបានជាប់ជាកីឡាការិនីប្រដាល់ឆ្នើម កាលពីចុងឆ្នាំ២០១៨នៅប្រទេសមីយ៉ាន់ម៉ា រួចហើយកញ្ញាក៏បានទៅប្រកួតនៅ ONE Championship បានឈ្នះមេដាយមួយទៀត និងខ្សែក្រវ៉ាត់គុនខ្មែរ មេដាយជើងឯកថ្នាក់ជាតិប្រដាល់សាកលពីថ្នាក់សាកលវិទ្យាល័យ និងមេដាយសំរិទ្ធិស៊ីហ្គេមនៅប្រទេសហ្វីលីពីន។
មកដល់ពេលនេះ កីឡាការិនីប្រដាល់ឆ្នើមរូបនេះ នៅតែបន្តការហាត់ដើម្បីត្រៀមខ្លួនប្រកួតកម្មវិធីស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំ២០២១ខាងមុខនេះហើយ ព្រោះថា កាន់តែមានសមត្ថភាពខ្លាំង នោះកាន់តែជួបដៃគូខ្លាំងដូចគ្នា ហេតុនេះត្រូវហ្វឹកហាត់សមត្ថភាពរបស់ខ្លួនឱ្យបានទៀងទាត់ និងបានល្អប្រសើរជាងមុនផងដែរ។ បើសិនយើងមិនប្រឹងប្រែង ព្យាយាម ចាំតែមើលគេដែលខ្ពស់ជាងយើង ហើយនិយាយថា យើងមិនដល់គេទេ មិនមានថ្ងៃដូចគេទេនោះ លទ្ធផលនឹងមិនទៅមុខឡើយ អ្វីដែលត្រូវកត់ចំណាំនោះគឺ យើងម្នាក់ៗ ក្នុងការធ្វើអ្វីមួយក៏ដោយ មិនថាការសិក្សា ការងារ ប្រកបរកស៊ីអ្វីក៏ដោយ យើងគួរតែសម្លឹងខ្លួនឯងឱ្យបានច្រើនជាងអ្នកផ្សេង ខិតខំធ្វើយ៉ាងណាឱ្យបានល្អប្រសើរជាងមុន ទើបវាជារឿងប្រពៃ។
ពាក្យស្លោកអប់រំប្រចាំខ្លួនសម្រាប់កញ្ញាស្រីពៅ គឺថា «បើគេធ្វើបាន យើងក៏ធ្វើបានដូចគ្នា» និងមួយទៀត «បើចិត្តយើងជាកីឡាករ ត្រូវហាត់រៀន បើមិនហាត់ទេ នោះយើងមិនមែនជាកីឡាករទេ»។ កញ្ញា ពិតជាពេញចិត្ត និងរីករាយយ៉ាងក្រៃលែង ដោយប្រាប់ថា «ទោះចាញ់ ឬឈ្នះ ក៏គ្រួសាររបស់ខ្ញុំ ពួកគាត់មិនថាអីដែរ មានតែលើកទឹកចិត្ត ព្រោះពួកគាត់ខ្លាចថា ខ្ញុំនឹងបោះបង់អាជីពជាអ្នកប្រដាល់ដែលខិតខំតាំងពីដើមមក ទើបពួកគាត់ទាំងអស់នោះ ទាំងគ្រួសារ បងប្អូន មិត្តភក្តិ តែងតែលើកទឹកចិត្តគាំទ្ររូបខ្ញុំមករហូត»។
ក្នុងនាមជាមនុស្សស្រីម្នាក់ ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវពីកម្មកររោងចក្រដែលធ្លាប់ធ្វើការនៅមួយកន្លែង មកធ្វើការនៅកន្លែងដែលប្រើប្រាស់កម្លាំងកាយ ត្រូវប្រឈមមុខនឹងវាយដៃជើងមុខមាត់ និងរូបរាងកាយច្រើនក៏ដោយ យ៉ាងណាស្រីពៅនៅតែលើកទឹកចិត្តទៅដល់មនុស្សស្រីគ្រប់គ្នាថា «យើងស្រលាញ់អ្វី គិតអ្វី យើងធ្វើរឿងនោះទៅ ត្រូវហ៊ានសាកល្បងប្រកបដោយសម្បជញ្ញៈ។ ទោះបីជារឿងនោះ វាពិបាកយ៉ាងណា ឱ្យតែយើងស្រលាញ់មានបំណងចង់ធ្វើ ធ្វើដោយការបេ្ដជ្ញាចិត្ត និងអត់ធ្មត់ឱ្យដល់ទីបំផុត នោះវាប្រាកដជាធ្វើឱ្យយើងទទួលបានជោគជ័យដូចអ្វីដែលយើងប៉ងជាក់ជាពុំខានឡើយ៕