Cctime 6monthsfree desktop
Cc times  web banner kh (2)

ការប្រកួតប្រជែង«ចាប៉ីដងវែង»ទូទាំងប្រទេស ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១-១៣ មិថុនា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រនាយកដ្ឋានសិល្បៈទស្សនីយភាព 

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការរៀបចំ "មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥" ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នៅសាលមហោស្រព នាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ។ មហោស្រពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់គឺ ដើម្បីចូលរួមថែរក្សា លើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ ព្រមទាំងលើកទឹកចិត្តដល់សិល្បករ សិល្បការិនីជំនាញចាប៉ីដងវែងឱ្យមានសកម្មភាពកាន់តែផុលផុសឡើងថែមទៀត។

រូបតំណាងពី៖ គេហទំព័រនាយកដ្ឋានសិល្បៈទស្សនីយភាព 

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បើកឱកាសឱ្យសិល្បករ សិល្បការិនី អង្គការ សមាគម និងសិល្បៈមហាជនទូទាំងប្រទេស ដែលមានចំណេះជំនាញផ្នែកចាប៉ីដងវែង អាចចូលរួម ប្រកួតប្រជែង នៅក្នុងមហោស្រពនេះផងដែរ ដោយមានលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ ហើយមិនមែនជាបេក្ខជន ឬបេក្ខនារីដែលធ្លាប់ឈ្នះជ័យលាភីលេខ ១ ក្នុងការប្រកួតមហោស្រពចាប៉ីដងវែងទូទាំងប្រទេសកន្លងមក។ បេក្ខជនត្រូវថតវីដេអូថ្មីនៃការសម្តែង ឬច្រៀងចាប៉ីដងវែងរបស់ខ្លួនដែលមានរយៈពេល ១៥ នាទី។ វីដេអូដែលកាត់តដោយប្រើបច្ចេកទេសជំនួយសំឡេងនឹងត្រូវដកចេញដោយស្វ័យប្រវត្តិ។ បេក្ខជន ឬបេក្ខនារីពិការភាពដែលមានសមត្ថភាពផ្នែកចាប៉ីដងវែងត្រូវបានលើកទឹកចិត្តឱ្យចូលរួម។

បើតាមក្រសួងវប្បធម៌ បេក្ខជនដែលឈ្នះក្នុងការប្រកួត "មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ ២០២៥" នឹងទទួលបានរង្វាន់ជាច្រើនរួមមាន ជ័យលាភីលេខ ១ នឹងទទួលបានពានមាស ១ បណ្ណសរសើរ និងប្រាក់រង្វាន់ ៦ ០០០ ០០០ រៀល ខណៈដែលជ័យលាភីលេខ ២ នឹងទទួលបានពានប្រាក់ ១ បណ្ណសរសើរ និងប្រាក់រង្វាន់ ៤ ០០០ ០០០ រៀល។ លើសពីនេះ ជ័យលាភីលេខ ៣ នឹងទទួលបានពានសំរឹទ្ធ ១ បណ្ណសរសើរ និងប្រាក់រង្វាន់ ២ ០០០ ០០០ រៀល ហើយក៏មានជ័យលាភីកិត្តិយសដែលនឹងទទួលបានបណ្ណសរសើរ និងទឹកប្រាក់លើកទឹកចិត្តចំនួន ១ ០០០ ០០០ រៀលផងដែរ។

សម្រាប់ការប្រឡងក្នុងមហោស្រពចាប៉ីដងវែងនេះ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងចំនួនបីវគ្គផ្សេងគ្នា គឺវគ្គជម្រុះវីដេអូដែលផុតកំណត់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ បន្ទាប់មកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ និងចុងក្រោយគឺវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥។

វគ្គដំបូងគឺ វគ្គជម្រុះវីដេអូ ដែលបេក្ខជនត្រូវសម្តែង ឬច្រៀងចាប៉ីដងវែងលើប្រធានបទសេរីដែលមានអត្ថន័យអប់រំ ក្នុងរយៈពេល ១៥ នាទី។ បន្ទាប់មក បេក្ខជនដែលជាប់នឹងត្រូវបន្តចូលរួមក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលពួកគេត្រូវសម្តែងលើប្រធានបទដែលមានអត្ថន័យទាក់ទងនឹង “ទំពាំងស្នងឫស្សី” ក្នុងរយៈពេល ១៥ នាទីដូចគ្នា។ ចុងក្រោយ សម្រាប់ វគ្គផ្តាច់ព្រ័ត្រ បេក្ខជនត្រូវសម្តែងលើប្រធានបទ “ទំពាំងស្នងឫស្សី” និងប្រធានបទមួយទៀតដែលគណៈកម្មការដាក់ជូនភ្លាមៗនៅពេលប្រឡងផ្ទាល់ ដែលមានរយៈពេល ១៥ នាទីផងដែរ។

អាស្រ័យហេតុនេះ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំប្រឡងតាមរយៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ប្រធានអង្គការ សមាគម ឬផ្ញើមកគណៈកម្មការរៀបចំមហោស្រពដែលមានទីស្នាក់ការនៅនាយកដ្ឋានសិល្បៈទស្សនីយភាព (អាសយដ្ឋានលម្អិត និងលេខទូរស័ព្ទទំនាក់ទំនងមានក្នុងសេចក្តីជូនដំណឹងដើម) ត្រឹមថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីជាកំហិត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង