
ភ្នំពេញ៖ ចំនួនសិស្សសិក្សាភាសាបារាំងនៅវិទ្យាស្ថានភាសាបារាំងមានរហូតដល់១ម៉ឺននាក់កាលពី២០២៤ កើនឡើង៣០% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅក្នុងកិច្ចពិភាក្សាតុមូលក្លឹបអ្នកសារព័ត៌មានកម្ពុជា។
យោងតាមប្រសាសន៍របស់ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា វិទ្យាស្ថានបារាំងនៅកម្ពុជា ទទួលបានសិស្សចុះឈ្មោះសិក្សាភាសាបារាំង ១០ ០០០ នាក់កាលពីឆ្នាំ២០២៤ ពោលគឺកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២៣។
បន្ថែមពីនេះ ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ប្រទេសបារាំងបានគាំទ្រដល់ការបណ្តុះបណ្តាលភាសាបារាំងនៅកម្ពុជា ដែលក្នុងនោះមានសិស្សកម្ពុជា ២៥០០០នាក់កំពុងសិក្សាភាសាបារាំងតាមបណ្តាគ្រឹះស្ថានសាធារណៈ ដោយឡែកមានសិស្ស៣០០០នាក់រៀននៅតាមថ្នាក់ពីរភាសាបារាំង-ខ្មែរ ចំនួន១៦សាលានៅទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា រយៈពេលពីរឆ្នាំនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាដឹកនាំគម្រោងផ្តល់ការគាំទ្រដល់ការបង្រៀនភាសាបារាំងនៅតាមបណ្តាអនុវិទ្យាល័យ និងវិទ្យាល័យរដ្ឋនៅកម្ពុជា ដែលផ្តល់ឱកាសដល់គ្រូបង្រៀនប្រមាណ ៣៥០នាក់ទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង នៅតំបន់អាស៊ីប៉ាហ្វិក និងនៅកម្ពុជា៕