
ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសជ្រើសរើសសិស្សសម្រាប់ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសាធារណជនទូទៅ។

យោងតាម វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញដែលកំពុងបើកទទួលចុះឈ្មោះរួមមាន ការផលិតនំ ដែលមានវេនសិក្សាចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ទាំងពេលព្រឹក និងពេលយប់។ លើសពីនេះ វិទ្យាស្ថានក៏បើកវគ្គសិក្សាជំនាញធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ) ដែលមានវេនសិក្សាចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលរសៀល។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើការរចនាក្រាហ្វិកដោយកុំព្យូទ័រ (តម្រូវឱ្យចេះប្រើប្រាស់កុំព្យូទ័រខ្លះៗ) វគ្គសិក្សានេះក៏មានវេនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ទាំងពេលរសៀល និងពេលយប់ផងដែរ។
បើតាមប្រភពដដែល សិក្ខាកាមដែលចូលរៀនវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការទទួលបានជំនាញច្បាស់លាស់ដែលទីផ្សារការងារកំពុងត្រូវការជាខ្លាំង ឱកាសការងារសមរម្យ និងប្រាក់ចំណូលទៀងទាត់ ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅ។ ជាពិសេស សិស្សដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ក្នុងអំឡុងពេលសិក្សា។

វិទ្យាស្ថានបានគូសបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរៀនតាមរយៈ តំណភ្ជាប់ ឬក៏អាចមកចុះឈ្មោះដោយផ្ទាល់នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ ម៉ែត្រ)។
ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ ហើយវគ្គសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 012 328 933, 081 429 969, 012 403 644, 093 808 057, 071 643 5388 ឬតាមរយៈផែនទី Google Map៕