ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលដល់ទាហានជួរមុខ និងជនភៀសសឹកនៅខេត្តចំនួន៦ជាប់ព្រំដែនដូចជា៖ ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ នេះបើតាមក្រសួងសុខាភិបាល។
ក្នុងបេសកកម្មនេះ លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មិនត្រឹមតែបានដឹកនាំប្រតិភូសុខាភិបាលចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តនានាប៉ុណ្ណោះទេ តែលោកសាស្រ្តាចារ្យថែមទាំងបានចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីទួលសុវត្ថិភាព នៅតាមខេត្តទាំង៦នោះទៀតផង។
នាឱកាសនោះ លោកសាស្រ្តាចារ្យបានសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចម្អិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យ បានណែនាំបន្ថែមដល់មន្រ្តីសុខាភិបាល ត្រូវផ្តោតសំខាន់លើផ្នែកសង្រ្គោះបន្ទាន់ (Emergency Care) ផ្នែកសង្រ្គោះកម្រិតធ្ងន់ (ICU) និងជំនាញវះកាត់ឱ្យកាន់តែល្អប្រសើរជាប់ជាប្រចាំ៖
១-មន្ទីរពេទ្យត្រូវបង្កើនការបណ្តុះបណ្តាលបន្តគ្រូពេទ្យជំនាញបន្ថែមទៀត ដែលនេះជាគន្លឹះអាយុជីវិតអាជីពជាពេទ្យ។
២-ការបណ្តុះបណ្តាលអាចធ្វើបាននៅគ្រប់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែតដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រី ក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ។
៣-ចំពោះមន្រ្តីសុខាភិបាល ត្រូវចែករំលែកគ្នា ចំពោះអ្នកដែលមានចំណេះជំនាញខ្ពស់ ទៅអ្នកដែលមានកម្រិតទាបជាង។
៤-ត្រូវធ្វើការប្រមូលផ្តុំគ្នា ពិភាក្សាគ្នា ក្នុងការស្វែងរកដោះស្រាយដែលស្មាគស្មាញ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ (RCP urgente 24h/7d, Grande RCP)។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្តទាំង៦ ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ដោយទឹកចិត្ត និងឆន្ទៈខ្ពស់៕