ភ្នំពេញ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅសមរភូមិប្រយុទ្ធខេត្តព្រះវិហារ ប្រឆាំងនឹងកងទ័ពឈ្លានពានថៃកាលពីរសៀលថ្ងៃសោរ៍ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ។
បើតាមសមាគមឧកញ៉ា ក្នុងវេលាដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជាជូនចំពោះលោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាស្វាមី ជាឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូប ព្រមទាំងជាវីរជនដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ៕