681 ezgif.com resize
Swift cc time

ក្រសួងអប់រំនឹងមានវិធានការគាំទ្រពិសេសសម្រាប់បេក្ខជនមកពីឧត្តរមានជ័យ និងព្រះវិហារ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី ៣០ កក្កដា​ ២០២៥ បានចេញសេចក្តីជូនដំណឹងពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានអនុញ្ញាតឱ្យបេក្ខជនដែលនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ សម្រេចចិត្តជ្រើសរើសថាប្រឡងនៅខេត្តរបស់ខ្លួនផ្ទាល់ ឬ ខេត្តដែលខ្លួនកំពុងភៀសសឹក។ ករណីបេក្ខជនសម្រេចចិត្តប្រឡងនៅខេត្តឧត្តរមានជ័យ ក្រសួងអប់រំ នឹងរៀបចំការដឹកជញ្ជូន ការស្នាក់នៅ ហូបចុក ដើម្បីសិស្សអាចប្រឡងនៅសៀមរាប ដើម្បីសុវត្ថិភាព ចំណែកឯសិស្សដែលសម្រេចចិត្តប្រឡងនៅព្រះវិហារ នឹងត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារដដែល។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ នាថ្ងៃទី ៣១ កក្កដា ២០២៥ បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅ ដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងអប់រំបានអនុវត្តនូវចំណុចមួយចំនួនសម្រាប់សិស្សព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងមានវិធានការគាំទ្រពិសេសសម្រាប់បេក្ខជនមកពីខេត្តទាំងពីរ។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា សម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុង ខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបាន សម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

បើតាមប្រភពដដែល បេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារ ដដែល។ ចំពោះបេក្ខជន ដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុង ខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំ នឹងរៀបចំមណ្ឌលប្រឡងនៅ ក្នុងភូមិសាស្ត្រស្រុកពួកនៃខេត្តសៀមរាប។ ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹក ជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការចាំបាច់។

គួរបញ្ជាក់ថា ដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួន ក្រសួងអប់រំ បានពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ៕


Khcct banner

អត្ថបទទាក់ទង