ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតកម្ពុជាចំនួន ១៧២ នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ដោយសារតែមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ។ អាហារូបករណ៍នេះ មានឈ្មោះថា «អាហារូបករណ៍សម្តេចតេជោ» ដើម្បីឱ្យនិស្សិតទាំងអស់បន្តការសិក្សារបស់ពួកគេនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំ បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ មាននិស្សិតកម្ពុជាសរុបចំនួន ៤២៣ នាក់ បានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងចំណោមនោះ មាននិស្សិតចំនួន ១៧២ នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្រសួង ដើម្បីបន្តការសិក្សារបស់ពួកគេ។
ដោយមើលឃើញពីការលំបាករបស់និស្សិតទាំងនេះ សម្តេច ហ៊ុន សែន បានសម្រេចផ្តល់«អាហារូបករណ៍សម្តេចតេជោ» ជូនដល់និស្សិតទាំង ១៧២ នាក់ភ្លាមៗ។ ក្រសួងអប់រំ បានអំពាវនាវដល់និស្សិតទាំងអស់ ដែលទទួលបានអាហារូបករណ៍នេះ សូមទាក់ទងដោយផ្ទាល់ទៅកាន់គ្រឹះស្ថានឧត្តមសិក្សាដែលខ្លួនចង់បន្តការសិក្សា ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា និស្សិតអាចទាក់ទងទៅកាន់ លោក ហុង គឹមជាង អនុរដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលផ្ទាល់ជូនដល់និស្សិតកម្ពុជា តាមរយៈលេខទូរស័ព្ទ និង Telegram៖ +85512225303 សម្រាប់ព័ត៌មានបន្ថែម និងការជួយសម្របសម្រួលនានា៕