អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានសម្រេចដកអាម៉េរិកចេញពីទីភ្នាក់ងារវប្បធម៌របស់អង្គការ UNESCO ក្រោមហេតុផលថាអង្គការយូណេស្កូថាបានគាំទ្ររបៀបវារៈសកលនិយម និងមនោគមវិជ្ជាសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលផ្ទុយនឹងគោលនយោបាយការបរទេសដំបូងរបស់អាម៉េរិក ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺការសម្រេចចិត្តរបស់យូណេស្កូក្នុងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋសមាជិកដែលដើរផ្ទុយទៅនឹងគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។
យោងតាមសេចក្តីប្រកាសរបស់សេតវិមានលោកប្រធានាធិបតី ដូណាល់ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីអង្គការយូណេស្កូបន្ទាប់ពីអង្កការនេះមិនបានដើរតាមគោលនយោបាយរបស់សហរដ្ឋអាម៉េរិក ហើយភាគច្រើនអង្កការមួយនេះច្រើនគាំទ្រដល់វប្បធម៌ និងធ្វើឲ្យសង្គមបែកបាក់គ្នាដូចជាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាដើម ។
ក្រសួងការបរទេសអាម៉េរិកបានចោទប្រកាន់អង្គការយូណេស្កូថាបានគាំទ្ររបៀបវារៈសកលនិយម និងមនោគមវិជ្ជាសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលផ្ទុយនឹងគោលនយោបាយការបរទេសដំបូងរបស់អាម៉េរិក។
ឆ្លើយតបជាមួយការសម្រេចចិត្តដកខ្លួនចេញពិអង្គការយូណេស្កូ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថាបារាំងនៅតែបន្តការគាំទ្រឥតងាករេដល់អង្កការមួយនេះ ហើយការចាកចេញរបស់សហរដ្ឋអាម៉េរិកនឹងមិនធ្វើឱ្យការប្តេជ្ញាចិត្តរបស់បារាំងចំពោះអង្គការយូណេស្កូចុះខ្សោយនោះទេ។ មន្ត្រីអង្គការយូណេស្កូបានអះអាងថា ការដកខ្លួនរបស់សហរដ្ឋអាម៉េរិកនឹងមានផលប៉ះពាល់តិចតួចលើកម្មវិធីដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាម៉េរិក។
គួរកត់សម្គាល់ថាអង្គការយូណេស្កូមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងនៅ ថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ១៩៤៥ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់សន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ហើយក្នុងមួយឆ្នាំសហរដ្ឋអាម៉េរិកបានជួយថវិការដល់អង្កការមួយនេះក្នុងទំហំទឹកប្រាក់ ៨០លានដុល្លារ។ អង្កការនេះមានរដ្ឋសមាជិកចំនួន ១៩៤ មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស អង្គការយូណេស្កូមានការិយាល័យនៅក្នុងប្រទេសចំនួន ៥៤ និងមានបុគ្គលិកជាង ២៣០០ នាក់៕