681 ezgif.com resize
Swift cc time

មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ក្រុងតាខ្មៅ៖ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានជួយដល់កុមារកំព្រា កុមារក្រីក្រ និងកុមារមានគ្រោះថ្នាក់ ឱ្យទទួលបានការអប់រំ ការថែទាំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សីលធម៌ និងចំណេះដឹងផ្សេងៗ ដើម្បីអាចឱ្យពួកគេអភិវឌ្ឍសមត្ថភាពក្លាយជាពលរដ្ឋល្អដែលមានសក្តានុពលពេញលេញរស់នៅក្នុងសង្គម។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលផ្កាឈូក ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា និងជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយ ការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មអ៊ិនធឺណេតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់ប្រទេសកម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែលព្យាយាមធ្វើបាបកុមារ។

មជ្ឈមណ្ឌលផ្កាឈូក នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេសកម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះនៅរស់រានមានជីវិតទទួលបាននូវការយកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវាកម្មដែលមានកម្រិតខ្ពស់ ទៅដល់កុមាររងគ្រោះនៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរពីដៃគូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជាអន្តរជាតិ។

សេវាកម្មទាំងអស់របស់អង្គភាពការពារកុមារ រាប់ពីការស៊ើបអង្កេត ការបណ្តុះបណ្តាល ការធ្វើកោសល្យវិច័យ និងជំនួយដល់ជនរងគ្រោះ នឹងស្ថិតនៅក្រោមដំបូលតែមួយ។ មជ្ឈមណ្ឌលផ្កាឈូក នឹងធានាថា អ្នកដែលបំពានលើកុមារ នឹងត្រូវទទួលទោសចំពោះមុខច្បាប់៕


Khcct banner

អត្ថបទទាក់ទង