បាក់ឌុប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នឹងចាប់ផ្តើមនៅថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខនេះ។សម្រាប់សម័យប្រឡងឆ្នាំនេះ សិស្សប្រឡងជាប់«កម្រិតពិន្ទុ»ខ្ពស់ជាងគេប្រចាំប្រទេស(តែម្នាក់គត់)នឹងទទួលបាន រថយន្តអគ្គិសនី តម្លៃជាង១ម៉ឺន៥ពាន់ដុល្លារ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ កក្កដានេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ដោយផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ 100% ដែលអាចបើកបរបាន 310Km សម្រាប់ការសាកថាមពលមួយពេញ និង មានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើនដែលមានតម្លៃ $15,990។
ក្រសួងអប់រំ យុវជន និងកីឡា ពន្យល់ថា គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បី (១) ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស (២) លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ៕