ភូកេត៖ ភ្ញៀវទេសចរជនជាតិចិនម្នាក់បានស្លាប់ និងប្តីរបស់គាត់បានរងរបួសក្នុងហេតុការណ៍ព្យុះវិពផាវាយប្រហារបណ្តាលឲ្យដើមឈើបាក់សង្គត់ជនរងគ្រោះទាំងពីរនៅឆ្នេរសមុទ្រភូកេតកាលពីល្ងាចថ្ងៃទី ២១ ខែ កក្កដា។ តាមប្រព័ន្ធផ្សព្វផ្សាយថៃហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលកាលពីម្សិលមិញ ដោយមុនកើតហេតុគូស្នេហ៍ទាំងពីរកំពុងសម្រាកលំហែកាយក្រោមដើមឈើលើឆ្នេរសមុទ្រចំពេលមានខ្យល់បក់ខ្លាំងដែលនាំមកដោយព្យុះត្រូពិច “WIPHA” វីពផា។
យោងតាមប៉ូលីសថៃនៅតំបន់កើតហេតុបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបក់បោកបាក់បំផ្លាញដើមឈើមួយដើម ធ្លាក់ចំលើលោកស្រី Wang អាយុ ៥៣ឆ្នាំ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដល់ក ទ្រូង និងដងខ្លួន ហើយប្ដីរបស់នាងរងរបួសស្រាលតែលោកស្រីត្រូវបាត់បង់ជីវិតនៅពេលបញ្ចូនទៅសង្រ្គោះ។
សោកនាដកម្មនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានអំពីឥទ្ធិពលនៃព្យុះត្រូពិច WIPHA ដោយបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងពាសពេញតំបន់ជាច្រើននៅប្រទេសថៃចាប់ពីថ្ងៃទី ២១-២៤ ខែកក្កដា។
អាជ្ញាធរថៃក៏បានព្រមានអំពីទឹកជំនន់ដែលអាចកើតមានភ្លាមៗ និងទឹកហូរហៀរ ជាពិសេសនៅតំបន់វាលទំនាប និងតំបន់ទំនាប ហើយរលកនៅសមុទ្រ Andaman អាចឡើងដល់ ២-៤ ម៉ែត្រ រឺអាចលើសពី ៤ ម៉ែត្រក្នុងអំឡុងពេលមានផ្គររន្ទះ។ ជាការឆ្លើយតប ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត បានប្រកាសអាសន្នខ្ពស់ចំពោះទឹកជំនន់ភ្លាមៗដែលអាចនឹងកើតមានចាប់ពីថ្ងៃទី ១៩-២៤ ខែកក្កដា។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ក្នុងស្រុក និងអង្គភាពឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់ត្រូវបានបញ្ជាឱ្យតាមដានយ៉ាងដិតដល់នូវស្ថានភាព និងផ្តល់ជំនួយភ្លាមៗដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕