681 ezgif.com resize
Swift cc time

កម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ បើកទទួលស្នាដៃនិពន្ធរឿងខ្លី និងកំណាព្យ ក្រោមប្រធានបទ«អក្សរសិល្ប៍នាយុគសម័យថ្មី»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រហ្វេសប៊ុក មហោស្រពមាអក្សរសិល្ប៍ខ្មែរ

ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែររៀបចំកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ដោយបើកទទួលស្នាដៃអក្សរសិល្ប៍ថ្មី ដែលជាប្រភេទ រឿងខ្លី និងកំណាព្យ ប្រកបដោយភាពច្នៃប្រតិដ្ឋ ដោយផ្តោតសំខាន់លើប្រធានបទ “អក្សរសិល្ប៍នាយុគសម័យថ្មី”។ កម្មវិធីនឹងបន្តទទួលស្នាដៃរហូតដល់ថ្ងៃទី ៣០ ខែ​កញ្ញា ២០២៥។

យោងតាមគេហទំព័រមហោស្រពមាអក្សរសិល្ប៍ខ្មែរ បានឱ្យដឹងថា ស្នាដៃដែលអាចដាក់ពាក្យបានត្រូវមានលក្ខខណ្ឌ ដូចតទៅ ស្នាដៃផ្នែករឿងខ្លី៖ សំណេរមិនត្រូវលើសពី ៨ ទំព័រ នៃក្រដាសទំហំ A4 ពុម្ពអក្សរទំហំ 12 (Khmer OS Siemreap) ចំណែកឯស្នាដៃផ្នែកកំណាព្យ៖ សំណេរមិនត្រូវលើសពី ៣ ទំព័រ នៃក្រដាសទំហំ A4 ពុម្ពអក្សរទំហំ 12 (Khmer OS Siemreap)។ លក្ខខណ្ឌសំខាន់ៗដទៃទៀតគឺតម្រូវ​ឱ្យស្នាដៃជាបទនិពន្ធថ្មី មិនចម្លងពីអ្នកដទៃ និងជាបទនិពន្ធដែលមិនធ្លាប់ជាប់រង្វាន់ពីមុន ឬត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

បើតាមប្រភពដដែល បេក្ខជនម្នាក់អាចដាក់បានច្រើនបំផុត ២ ស្នាដៃ (អាចជារឿងខ្លីទាំង ២ កំណាព្យទាំង ២ ឬរឿងខ្លី ១ កំណាព្យ ១) ហើយតម្រូវឱ្យផ្ញើស្នាដៃជា Word និង PDF ហើយមិនត្រូវបង្ហាញឈ្មោះ ឬអត្តសញ្ញាណផ្ទាល់ខ្លួន ក្នុងផ្នែកណាមួយនៃស្នាដៃ ទៅកាន់ (Email): [email protected] ឬប្រអប់សារនៃទំព័រ Facebook: មហោស្រពអក្សរសិល្ប៍ខ្មែរ ឱ្យបានត្រឹមថ្ងៃទី ៣០ ខែ​កញ្ញា ២០២៥។

មូលហេតុបានជាមហោស្រពបានលើកយកប្រធានបទ “អក្សរសិល្ប៍នាយុគសម័យថ្មី” ដោយសារតែមហោស្រពយល់ឃើញថា បើទោះជាយុគសម័យថ្មីនេះមានភាពជឿនលឿនយ៉ាង ណាក៏ដោយ ប៉ុន្តែបញ្ហាប្រឈមជាច្រើននៅតែកើតឡើងក្នុងសង្គម។ បច្ចុប្បន្ន មនុស្សម្នាកំពុងតែជជែកគ្នាយ៉ាងផុសផុលពីភាពរីក ចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជះឥទ្ធិពលយ៉ាងសម្បើមដល់មនុស្សជាតិ។ មហោស្រពមានសុទិដ្ឋិនិយមថា អក្សរសិល្ប៍ក៏ត្រូវតែរីកចម្រើនឱ្យខ្លាំងដូចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែរ ហើយអ្នកនិពន្ធអាចចាប់យកឱកាសនេះ លើកឡើងពី បញ្ហាប្រឈមនានាក្នុងយុគសម័យថ្មី និងចូលរួមផ្តល់ដំណោះស្រាយយ៉ាងសមស្រប ដើម្បីជាទុនពុទ្ធិបន្ថែមសម្រាប់មនុស្សជាតិ។

គួរបញ្ជាក់ថា ការប្រកួតនេះមានប្រគល់រង្វាន់សម្រាប់ជ័យលាភីលេខ១នឹងទទួលបានថវិកា ៨០ ម៉ឺនរៀល និងបណ្ណសរសើរ ជ័យលាភីលេខ២ ទទួលបានថវិកា ៦០ ម៉ឺនរៀល និងបណ្ណសរសើរ ចំណែកឯជ័យលាភីលេខ ៣ ទទួលបានថវិកា ៤០ ម៉ឺនរៀល និងបណ្ណសរសើរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១០ ៦០០ ៨៤៨៕


Khcct banner

អត្ថបទទាក់ទង