681 ezgif.com resize
Swift cc time

សិស្សពូកែគណិតវិទ្យា៦០រូប បានរង្វាន់ពីការប្រកួតគណិតវិទ្យាថ្នាក់ជាតិ ពីក្រសួងអប់រំ និងក្រុមហ៊ុនកាស្យូសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សពូកែគណិតវិទ្យា៦០រូប នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលរង្វាន់ មេដាយ និងវិញ្ញាបនបត្រ ក្រោយបានបង្ហាញសមត្ថភាពដ៏លេចធ្លោក្នុងការប្រឡងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ Scientific Calculator CASIO និងការប្រឡងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU CONTESTS 2025។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ (Scientific Calculator CASIO) ត្រូវបានរៀបចំឡើងដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា សហការជាមួយក្រុមហ៊ុនកាស្យូនៃប្រទេសសិង្ហបុរី និងបណ្ណាគារអន្តរជាតិ IBC រាជធានីភ្នំពេញ ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងនេះមានការចូលរួមពីសិស្សានុសិស្សសរុប ១.១៧៦នាក់ ពីថ្នាក់ទី៧ ដល់ទី១២ មកពី ៥៤អនុវិទ្យាល័យ និងវិទ្យាល័យសាធារណៈ និង ២៦សាលារៀនឯកជន ទូទាំងប្រទេស។ ជាលទ្ធផល ជ័យលាភីសិស្សឆ្នើមសរុប ៦០នាក់ ត្រូវបានជ្រើសរើស និងទទួលស្គាល់ថាជាសិស្សពូកែទូទាំងប្រទេសដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបានវិញ្ញាបនបត្រជ័យលាភីទទួលស្គាល់ដោយក្រុមហ៊ុនកាស្យូនៃប្រទេសសិង្ហបុរីមួយសន្លឹកផងដែរ។

លទ្ធផលនៃការប្រឡង ៤លើកចុងក្រោយនេះ បានបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់សិស្សកម្ពុជា ដោយដណ្ដើមបានមេដាយមាសចំនួន ៥នាក់ មេដាយប្រាក់ចំនួន ៥នាក់ និងមេដាយសំរឹទ្ធចំនួន ៤នាក់។ អ្វីដែលគួរឱ្យមោទនភាពបំផុតនោះ គឺកុមារា ហ៊ុន ពេជ្រមុនី រិទ្ធីសិដ្ឋ បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយទទួលមេដាយមាសលំដាប់ពិភពលោក ៣ឆ្នាំជាប់គ្នា (២០២៣, ២០២៤ និង២០២៥) ដោយឈរនៅលេខ១ ក្នុងចំណោមបេក្ខជនចំនួន ១.៤៦១នាក់ មកពី ៣៦ប្រទេស។

ជាការសរុបជារួម កម្ពុជាបានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ ដោយទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងកម្រិតសាលារៀន និងកម្រិតថ្នាក់។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២៧ ក្នុងចំណោមសាលារៀន Top 100 សម្រាប់កម្រិតថ្នាក់ទី៥ និងទី៦ ហើយក៏ជាប់ចំណាត់ថ្នាក់លេខ២២ ក្នុងចំណោមសាលារៀន Top 100 សម្រាប់កម្រិតថ្នាក់ទី៧ និងទី៨។ ចំពោះកម្រិតថ្នាក់ទី៩ និងទី១០ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមសាលារៀន Top 74 ខណៈដែលកម្រិតថ្នាក់ទី១១ និងទី១២ កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមសាលារៀន Top 54 ៕


Khcct banner

អត្ថបទទាក់ទង