សៀមរាប៖ គម្រោងស្តារស្ទឹងសៀមរាប ជំហាន២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF) ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យមុនដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច ក្នុងការប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នាពេលខាងមុខ ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែទាំបន្ត។ ការចុះត្រួតពិនិត្យនេះត្រូវបានធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
បើតាមក្រសួងសាធារណការ ដំណើរបំពេញបេសកកម្មនេះធ្វើឡើងដើម្បីចុះត្រួតពិនិត្យប្រគល់-ទទួលបច្ចេកទេស គម្រោងស្តារស្ទឹងសៀមរាប ជំហាន២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF) ដែលនឹងគ្រោងត្រៀមដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច ក្នុងការប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នាពេលខាងមុខ ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែទាំបន្តឱ្យមាននិរន្តភាព។
គួរបញ្ជាក់ថា គម្រោងស្តារស្ទឹងសៀមរាបជំហាន២ (KHM-18)នេះ ប្រើរយ:ពេលក្នុងការសាងសង់ចំនួន៣៧ខែ ដែលចាប់ផ្តើមសាងសង់នាខែឧសភា ឆ្នាំ២០២២ និងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥ ដែលគម្រោងទាំងមូលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ៣១ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន០១ គឺសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលហេដ្ឋារចនាសម្ព័ន្ធគម្រោងនេះរួមមាន ៖១)ផ្លូវបេតុងមេ មានទទឹង ៦ម៉ែត្រ ប្រវែង ៤,៥៣ម៉ែត្រ ២)ផ្លូវបេតុងតភ្ជាប់ ស្ថិតនៅខាងកើតស្ទឹងមានចំនួន ១៦កន្លែង និងខាងលិចស្ទឹងមានចំនួន ១កន្លែង ស្ពានទី១ មានប្រវែង ៣៦ម៉ែត្រ, ស្ពានទី២ មានប្រវែង ៤៤ម៉ែត្រ,ស្ពានទី៣ មានប្រវែង ៣០ម៉ែត្រ,សំណង់ស្ទាក់ទឹក មានចំនួន ១កន្លែង ប្រវែង ៨០ម៉ែត្រ,ប្រព័ន្ធធារាសាស្រ្ត មានចំនួន ៨កន្លែង,ជើងទេរស្ទឹង ប្រវែងសរុប ៨,៣១ម៉ែត្រ និងផ្លូវថ្មើរជើង មានប្រវែង ៣,៧០ម៉ែត្រ៕