ថៃ៖ អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អាចនឹងត្រូវប្រឈមមុខក្នុងការជាប់ទោសក្នុងពន្ធនាគាររយៈពេល ១៥ឆ្នាំ ក្រោមបទប្រមាថព្រះមហាក្សត្រដែលលោកបានផ្តល់បទសម្ភាសន៍ឆ្នាំ ២០១៥ ជាមួយកាសែតកូរ៉េ Chosun Ilbo ដោយច្បាប់ទោសប្រមាថព្រះមហាក្សត្រនឹងមានទោសជាប់ពន្ធនាគារពីបីឆ្នាំទៅ១៥ឆ្នាំ។ សុំណុំរឿងលោកថាក់ស៊ីននឹងត្រូវតុលាការព្រហ្មទណ្ឌថៃកាត់ក្តីនៅថ្ងៃទី ២២ ខែសីហាខាងមុខ។
ប្រឈមមុខជាមួយនឹងការសាកសួរពីតុលាការជាច្រើនម៉ោងកាលពីល្ងាចថ្ងៃពុធ ទី ១៦ ខែកក្កដា អតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីនដែលធ្លាប់ប្រមាថព្រះមហាក្សត្រថៃក្នុងបទសម្ភាស៍ក្នុងឆ្នាំង ២០១៥ ជាមួយកាសែតកូរ៉េកំពុងតែប្រឈមមុខនឹងការជាប់ពន្ធនាគារយូឆ្នាំអាចដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាការប្រមាថនោះមានភាពធ្ងន់ធ្ងរខ្លាំង។
មេធាវីរបស់លោកថាក់ស៊ីនគឺលោក Winyat Chatmontri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនក្តីរបស់លោកបានផ្តល់សក្ខីកម្មដល់តុលាការកាលពីព្រឹកថ្ងៃពុធហើយនឹងបន្តពេញមួយថ្ងៃទៀត។ លោកអះអាងទៀតថាកូនក្តីលោក បានបញ្ជាក់ពីភាពស្មោះត្រង់របស់លោកចំពោះរាជានិយម និងបានសម្តែងការដឹងគុណចំពោះការលើកលែងទោសរបស់ព្រះមហាក្សត្រ។
អ្នកគាំទ្រលោកថាក់ស៊ីនប្រហែល ៥០ នាក់បានប្រមូលផ្តុំគ្នានៅមុខតុលាការដោយពាក់អាវក្រហមដែលជាពណ៌នៃចលនានយោបាយរបស់លោក ចេញមុខប្រឆាំងក្នុងការចោទរបស់តុលាការថៃ។ គួរបញ្ជាក់ថាលោកថាក់ស៊ីនបានវិលត្រឡប់មកព្រះរាជាណាចក្រថៃកាលពីខែសីហាឆ្នាំ ២០២៣ ក្រោយពីអ្នកនយោបាយជើងចាស់វ័យ ៧៥ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយបានចំណាយពេល ១៥ ឆ្នាំក្នុងការនិរទេសខ្លួនទៅកាន់ប្រទេសដ៏ទៃ។ លោកត្រូវបានគេចាប់ដាក់គុកប្រាំបីឆ្នាំពីបទពុករលួយពេលមកដល់ថៃ ប៉ុន្តែក្រោយមកព្រះមហាក្សត្រ បានកាត់បន្ថយទោសមកត្រឹមមួយឆ្នាំវិញដោយលើកហេតុផលថាសុខភាពលោកមិនអំណោយផល និងសុំនៅខាងក្រៅឃុំ៕