ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង នាថ្ងៃទី១៧កក្កដានេះ ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ ក្នុងនោះរួមមានទីតាំង៖ ១/ អតីតមន្ទីរឃុំឃាំង ម-១៣, ២/ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និង៣/ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។
គួរបញ្ជាក់ថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ចំនួន៣ទីតាំង រួមមាន«អតីតមន្ទីរឃុំឃាំង ម១៣ ,សារមន្ទីរទួលស្លែង (ស២១) និង វាលពិឃាតជើងឯក» ត្រូវដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១១ ខែកក្កដា។ ការចុះបញ្ជីនេះ ជាការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺចាប់ផ្សាររបស់កម្ពុជា និង ជាភស្ភុតាងនៃការប្តូរផ្តាច់ការពាររបស់កម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីជាមេរៀនប្រវត្តិសាស្ត្រ។
បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និង នៅក្នុងតំបន់ ដែលត្រូវដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងគោលបំណងបង្ហាញពិភពលោកអំពីភាពរឹងមាំ និង បិនប្រសប់របស់ប្រជាជាតិកម្ពុជាដែលបានប្រែក្លាយតំបន់ « វាលពិឃាដ» មកជា «ទឹកដីសន្តិភាព» មានតម្លៃជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរ ហើយជាស្មារតីចង់ចាំ សម្រាប់ពិភពលោកមិនចំពោះតែប្រជាជនកម្ពុជានោះឡើយ។
បើតាមក្រសួងវប្បធម៌កម្ពុជា ការចុះបញ្ជីនេះ ជាការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺចាប់ផ្សាររបស់កម្ពុជា ហើយជាភស្ភុតាងនៃការប្តូរផ្តាច់ការពាររបស់កម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីជាមេរៀនប្រវត្តិសាស្ត្រ និង ការថែរក្សាសន្តិភាពដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល៕