ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជា ចំនួន ២រូប នឹងចូលរួមសិក្ខាសាលា បណ្ដាញយុវជនអាស៊ាន-កូរ៉េ ឆ្នាំ២០២៥ ក្រោមមូលបទ «Strengthening ASEAN-Korea Youth’s Engagement: Leveraging Green Economy for Inclusive Growth» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ និងចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។
យោងតាមអគ្គនាយកដ្ឋានយុវជន សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងយុវជនមកពីបណ្តាប្រទេសអាស៊ាន និងកូរ៉េ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងការបង្កើតបណ្តាញទំនាក់ទំនងជាក់លាក់។ យុវជនដែលតំណាងកម្ពុជាចូលរួម មានកញ្ញា រ៉ន ម៉ាលីន និងលោក ប៉ែន រត្ត័នា។
បើតាមប្រភពដដែល សិក្ខាសាលានេះមានគោលដៅ ពង្រឹងការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-កូរ៉េ ដើម្បីផ្តល់ឱកាសឱ្យយុវជនសិក្សាអំពីទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌រវាងអាស៊ាន និងកូរ៉េ។ ជាពិសេស សិក្ខាសាលាមានបំណងលើកទឹកចិត្តឱ្យអ្នកចូលរួមចែករំលែក និងរៀនសូត្រពីវប្បធម៌ ប្រពៃណី និងទស្សនៈផ្សេងៗ ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមក និង បង្កើតទំនាក់ទំនងរឹងមាំក្នុងចំណោមយុវជនអាស៊ាន និងកូរ៉េ ដែលអាចនាំទៅរកកិច្ចសហការនាពេលអនាគត។
គួរបញ្ជាក់ថា កម្មវិធីនឹងផ្តល់ចំណេះដឹងអំពីប្រធានបទសំខាន់ៗ ដូចជាបរិស្ថាន បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីរៀបចំយុវជនឱ្យក្លាយជាអ្នកដឹកនាំនៅក្នុងយុគសម័យឧស្សាហកម្ម ៤.០។ កម្មវិធីថែមទាំងផ្តល់វេទិកាសម្រាប់ការពិភាក្សា និងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕