ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសសម្រេចបង្កើត«សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» នៅទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់វិទ្យាស្ថានបញ្ជាការសេនាធិការនៃក្រសួងការពារជាតិ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំ ចុះនៅថ្ងៃទី១៥ កក្កដា បានឱ្យដឹងថា «សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» នឹងមានសិទ្ធិទទួលមូលនិធិដំណើរការសាលារៀន សាធារណៈឬរបបឧបត្ថម្ភផ្សេងៗ និងអាចប្រើប្រាស់បុគ្គលិកអប់រំ ឬគ្រូកិច្ចសន្យា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងនោះសាលាក៏មានសិទ្ធិកៀរគរធនធានពីសហគមន៍ មាតាបិតា អាណាព្យាបាល ដៃគូអភិវឌ្ឍ សមាគម អង្គការ សប្បុរសជនដើម្បីដំណើរការអភិវឌ្ឍសាលា។
ក្រសួងអប់រំបានបញ្ជាក់ថា សាលាមតេ្តយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មានតួនាទី និងភារកិច្ចអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងកម្មវិធីគាំទ្រនានាសំដៅធានាគុណភាពសេវា អប់រំកុមារតូច ចាប់ពីអាយុ៣ឆ្នាំ ដល់ក្រោម៦ឆ្នាំ៕