ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានធ្វើការព្រមានជាថ្មីចំៗមិនសំចៃមាត់ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយលោកទុកពេលឲ្យរុស្ស៊ី ៥០ ថ្ងៃក្នុងការស្វែងរកផ្លូវចរចាបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន បើមិនដូចច្នេះទេលោកនឹងដាក់ពន្ធ ១០០% លើប្រទេសរុស្ស៊ី។ ការព្រមានរបស់លោកត្រាំនេះធ្វើឡើងក្នុងជំនួបជជែកគ្នាជាមួយមេណាតូលោក Mark Rutte នៅការិយាល័យពងក្រពើរបស់លោកកាលពីល្ងាចថ្ងៃអង្គារទី ១៥ ខែ កក្កដា។
ក្នុងបទសម្ភាស៍ជាមួយអ្នកសារព័ត៌មាននៅការិយាល័យលោកផ្ទាល់លោកត្រាំបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឲ្យធ្ងន់ធ្ងរបន្ថែមទៀតប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រសិនបើលោកពូទីនមិនយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃខាងមុខនេះ។ រដ្ឋបាល ត្រាំ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថាតើផលវិបាកដែលរុស្ស៊ីនឹងត្រូវប្រឈមលើទណ្ឌកម្មថ្មីខាងមុខនេះមានអ្វីខ្លះនោះទេ។
សម្រាប់លោកត្រាំផ្ទាល់រយៈពេល ៥០ ថ្ងៃគឺមានរយៈពេលយូរគួរសមសម្រាប់រុស្ស៊ីក្នុងការស្វែងរកផ្លូវចរចាជាមួយអ៊ុយក្រែនស្វែងរកសន្តិភាព និងបញ្ចប់សង្រ្គាមមួយនេះឲ្យបាន លោកថាបើរុស្ស៊ីបរាជ័យមិនអាចបញ្ចប់បាននោះលោកនិងមានវិធានការក្តៅឆ្លើយតបទៅកាន់រុស្ស៊ីវិញ។ លោកថាការខកខានរបស់រុស្ស៊ីក្នុងការឈានដល់ការចរចាជាមួយអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃនឹងនាំឱ្យរដ្ឋបាលរបស់លោកដាក់អត្រាពន្ធ ១០០% លើការនាំចូលទំនិញរបស់រុស្ស៊ី។
ជាការឆ្លើយតបវិមានក្រឹមឡាំងបានប្រតិកម្មយ៉ាងខ្លាំងចំពោះការព្រមានរបស់ប្រធានាធិបតីអាម៉េរិក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកសេចក្តីថ្លែងការណ៍ និងការព្រមានរបស់ត្រាំមានការធ្ងន់ធ្ងរជាខ្លាំង។ រុស្ស៊ីបានច្រានចោលឱសានវាទរបស់លោកត្រាំ ហើយចាត់ទុកការព្រមាននោះមិនអាចទទួលយកបានឡើយ៕