ភ្នំពេញ៖ ជនជាតិដើមភាគតិចនៅកម្ពុជា កាលពីថ្ងៃទី ១៣ កក្កដា ២០២៥ បានសហការគ្នាក្នុងការៀបចំកម្មវិធី «ការចាក់បញ្ចាំងភាពយន្ត កម្មវិធីសិល្បៈ និងវប្បធម៌ជនជាតិដើមភាគតិច» ដើម្បីបង្ហាញពីប្រពៃណី វប្បធម៌ អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចតាមរយៈការសែនព្រែន សិល្បៈរបាំ ចម្រៀងហ៊ីបហប់ និងការចែករំលែកចំណេះដឹងដោយវាគ្មិនចំនួន៦រូបតំណាងស្ថានភាពជនជាតិដើមភាគតិច។
កម្មវិធី «ការចាក់បញ្ចាំងភាពយន្ត កម្មវិធីសិល្បៈ និងវប្បធម៌ជនជាតិដើមភាគតិច» ត្រូវបានប្រារព្ធរៀបចំឡើង នៅថ្ងៃទី ១៣ កក្កដា ២០២៥ នៅ Factory Theatre ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីចាក់បញ្ចាំងខ្សែភាពយន្តថ្មី The Eternal Song ដែលបង្ហាញពីភាពធន់ ការប្រឈម និងទ្រព្យសម្បត្តិវប្បធម៌របស់ជនជាតិដើមភាគតិចជុំវិញពិភពលោក ក្នុងព្រឹត្តិការណ៍មួយដែលបង្ហាញពីស្ថានភាពជនជាតិដើមភាគតិចនៅទីនេះក្នុងប្រទេសកម្ពុជាក្នុងបរិបទសកល។
បន្ថែមពីនេះ កម្មវិធីមានបំណងក្នុងការបង្ហាញពីប្រពៃណី វប្បធម៌ អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចតាមរយៈការសែនព្រែន សិល្បៈរបាំ ចម្រៀងហ៊ីបហប់ និងការចែករំលែកចំណេះដឹងដោយផ្ទាល់ក្នុងកិច្ចពិភាក្សាតុមូលដែលមានវាគ្មិនចំនួន៦រូបតំណាងស្ថានភាពជនជាតិដើមភាគតិចនិងអ្នកស្រាវជ្រាវឯករាជ្យ ក្នុងការចែករំលែកនិងឆ្លុះបញ្ចាំងពីខ្សែភាពយន្តដើម្បីផ្សារភ្ជាប់ជាមួយស្ថានភាពរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។
កម្មវិធីបានរួមបញ្ចូលនូវសកម្មភាពមួយចំនួនដូចជា សកម្មភាពសំខាន់នៃកម្មវិធីមានដូចជា ការដាក់តាំងពិពណ៌ ការតម្បាញ ការបង្ហាញពីពិធីសែនព្រេនតាមបែបជនជាតិដើមភាគតិចគ្រឹង សិល្បៈរបាំជំរះស្មៅចម្ការរបស់យុវជនជនជាតិដើមភាគតិច ការដាក់បង្ហាញម្ហូបអាហារជនជាតិដើមភាគតិចសម្រាប់អ្នកចូលរួមភ្លក់។ ជាពិសេស កម្មវិធីមាន ការចាក់បញ្ចាំងខ្សែភាពយន្ត ការច្រៀងចម្រៀងរ៉ែបពីសិល្បកជនជាតិដើមព្រៅ និងកិច្ចពិភាក្សាតុមូល ចែករំលែកចំណេះដឹងនិងឆ្លុះបញ្ចាំងពីខ្សែភាពយន្ត។
«ការចាក់បញ្ចាំងភាពយន្ត កម្មវិធីសិល្បៈ និងវប្បធម៌ជនជាតិដើមភាគតិច» បទចម្រៀងអស្ចារ្យ - The Eternal Song" បានបញ្ជ្រាបឱ្យអ្នកចូលរួមបានយល់ដឹងបន្ថែមពីជនជាតិដើមភាគតិចនៅកម្ពុជានិងនៅទូទាំងសកល ពីប្រពៃណី វប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចនិងបានកត់សម្គាល់អំពីបញ្ហាប្រឈមបស់ជនជាតិដើមភាគតិច។
លោក រិន ថាវីរៈ ជនជាតិខ្មែរដែលជាអ្នកចូលរួមកម្មវិធីនេះ បានរៀបរាប់ថា «ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏សប្បាយនិងសម្បូរបែប ខ្ញុំមានអារម្មណ៍ថាបានយល់ដឹងបន្ថែមពីបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជានិងនៅសកល ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ថាក្រៀមក្រំពេលដែលមើលសាច់រឿងកុននិងស្តាប់ការចែករំលែករបស់វាគ្មិនអំពីទុក្ខលំបាកនិងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះខណៈពេលដែលការវិវត្តិសង្គមនិងពិភពលោកមិនបានគិតគូរអំពីសិទ្ធិជនជាតិដើមភាគតិច ព្រៃឈើនិងធនធានធម្មជាតិ។»។
គួរបញ្ជាក់ថា កម្មវីធីនេះ មានការចូលរួមដោយស្ថានទូត អង្គការសង្គមស៊ីវិល សារព័ត៌មាន អ្នកផលិតមាតិកាល្បីៗ អ្នកសិល្បៈ អ្នកផលិតខ្សែភាពយន្ត និងជនជាតិដើមភាគតិចនៅកម្ពុជា សរុបប្រមាណជាង២០០នាក់។ កម្មវិធីនេះត្រូវបានសហការរៀបចំដោយ សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA), អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO), និង សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA៕