ភ្នំពេញ៖ ក្រសួងការបរទេសជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស។ ការទទួលពាក្យនឹងផុតកំណត់នៅត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា មុខតំណែងដែលជ្រើសរើស មានដូចជា មន្រ្តីការទូតជាន់ខ្ពស់ក្នុងផ្នែកផ្សេងៗគ្នាដូចជា ផ្នែកច្បាប់ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកសេដ្ឋកិច្ច និងផ្នែកភាសាបរទេស។
បើតាមប្រភពដដែល ដើម្បីអាចដាក់ពាក្យបានបេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច១៨ឆ្នាំគិតត្រមថ្ងៃ ១៩ កក្កដា ២០២៥ ហើយមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសមមូលឡើងទៅ មិនប្រាសចាកសិទ្ធផ្លូវរដ្ឋប្បវេណី សិទ្ធពលរដ្ឋ និងសិទ្ធខាងនយោបាយ។ បេក្ខជនអាចដាក់ពាក្យតាមអនឡាញ និងភ្ជាប់ជាមួយនឹងឯកសារដែលតម្រូវ ឱ្យបានត្រឹមថ្ងៃទី ១៩ ខែ កក្កដា ២០២៥ ម៉ោង ៥រសៀល។
ក្រោយការដាក់ពាក្យ បេក្ខជននឹងឆ្លងកាត់ដំណាក់កាលប្រលងប្រជែង ដែលមានវិញ្ញាសាសរសេរលើកទី១ និងវិញ្ញាសាសួរផ្ទាល់មាត់។ វិញ្ញាសាសរសេរលើកទី១ រួមមានជំនាញឯកទេស ភាសាអង់គ្លេស និងវិញ្ញាសាពហុចម្លើយ វប្បធម៌ទូទៅ។ បេក្ខជនដែលជាប់វិញ្ញាសាសរសេរលើកទី១នឹងទៅកាន់វគ្គបន្តទៀត គឺវិញ្ញាសាសួរផ្ទាល់មាត់ ដើម្បីធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងលើហេតុប្បទ្ទេសរបស់បេក្ខជន ដែលមានរយៈពេល ១៥ទៅ៣០នាទី។
គួរបញ្ជាក់ថា ការប្រលងនឹងធ្វើឡើងនៅភ្នំពេញ ចំណែកឯថ្ងៃប្រលងនឹងត្រូវបានជូនដំណឹងនាពេលក្រោយ។ ករណីមានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់ ០៩៥៤២១ ៥៧១ រឺ ០១៥ ៩០២៥៤៣ រឺ ០៩៦ ៩៣៣៣៤៤១៕