ភ្នំពេញ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ កំពុងរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ស្ដីពី "នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្ត្របង្រៀន និងរៀនក្នុងបរិបទថ្មី" ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យអប់រំ។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ វគ្គបណ្ដុះបណ្ដាលនេះនឹងចាប់ផ្ដើមនៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក តទៅ ដោយធ្វើបទបង្ហាញតាមរយៈប្រព័ន្ធអនឡាញ។ លោកគ្រូអ្នកគ្រូនឹងមានឱកាសសិក្សាជាមួយគ្រូឧទ្ទេសឆ្នើម ដែលជាសមាជិក LEAD CAMBODIA ដែលទទួលបានការបណ្ដុះបណ្ដាលផ្ទាល់ពីសាធារណរដ្ឋកូរ៉េ។
វគ្គបណ្តុះបណ្តាលអនឡាញនេះ ត្រូវបានបង្កើតឡើងដើម្បីជាជំនួយលើវិធីសាស្ត្របង្រៀន និងរៀនក្នុងបរិបទថ្មី , ណែនាំវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាលអប់រំឌីជីថលផ្លូវការរបស់ក្រសួង សម្រាប់ជំនួយស្វ័យអភិវឌ្ឍសមត្ថភាពដល់គ្រូបង្រៀន, ពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ក្នុងការលើកកម្ពស់វិធីសាស្ត្រ បង្រៀនដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល និងរៀន និងបង្រៀនជាមួយកម្មវិធីថ្មីៗ ដើម្បីទទួលបាន នូវប្រសិទ្ធិភាពកាន់តែប្រសើរ និងមានភាពងាយស្រួល។
បើតាមក្រសួងអប់រំ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ សិក្ខាកាមទាំងអស់នឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា។វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤។
ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមត្រូវមានលក្ខខណ្ឌដូចជា ជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសាធារណៈ ដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា ហើយមានចំណេះដឹងផ្នែកប្រើប្រាស់អ៊ីនធឺណិត អ៊ីម៉ែល និងកុំព្យូទ័រ និងមានឧបករណ៍សិក្សាដូចជា កុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរសព្ទដៃឆ្លាតវៃ និងអ៊ីនធឺណិត។
គួរបញ្ជាក់ថា ការចុះឈ្មោះចូលរៀនចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។ លោកគ្រូអ្នកគ្រូដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://link.moeys.gov.kh/onlinecourse។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងតាមរយៈ តេឡេក្រាម៖ +855 066 901 800 ឬ អ៊ីមែល៖ [email protected] ៕