ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៤កក្កដានេះ បានឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំច្បាប់ដកសញ្ជាតិ។ ការឯកភាពនេះធ្វើឡើង ក្រោយអង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងអង្គប្រជុំព្រឹទ្ធសភា លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិក ព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់លោក អង្គ វង្ស វឌ្ឍនា តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
គួរបញ្ជាក់ថា លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើសេចក្តី ស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការតម្កល់ ផលប្រយោជន៍ជាតិជាធំ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា«ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយ ប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ ខ្មែរឡើយ។ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់»។
ដើម្បីធានានិងទន្ទឹមនឹងនេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមក ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយ បរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំន ក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិ ស្រប់តាមស្តង់ដារ និងនិយាមអន្តរជាតិ៕