ភ្នំពេញ៖ ស្ថានទូតអាម៉េរិក ផ្តល់អាហារូបករណ៍ដល់«អ្នកបង្រៀនភាសាអង់គ្លេស» ដើម្បីពង្រឹងសមត្ថភាព និង ពង្រីកនូវបណ្តាញ តាមរយៈការអភិវឌ្ឍជំនាញតាមប្រព័ន្ធអនឡាញ ជាមួយនឹងសាស្ត្រាចារ្យល្បីៗនៅក្នុងវិស័យនេះ។ វគ្គសិក្សានេះមានរយៈពេល៨សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។
យោងតាមគេហទំព័រស្ថានទូតអាម៉េរិក បានឱ្យដឹងថា កម្មវិធី Online Professional English Network (OPEN) ផ្តល់ជូនវគ្គសិក្សាកម្រិតសាកលវិទ្យាល័យអនឡាញរយៈពេល 8 សប្តាហ៍សម្រាប់អ្នកជំនាញការបង្រៀនភាសាអង់គ្លេសដែលបង្កើតឡើងដោយស្ថាប័នអប់រំរបស់សហរដ្ឋអាមេរិក។ដើម្បីដាក់ពាក្យបាន បេក្ខជនត្រូវបំពេញពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2025។ អាហារូបករណ៍នេះអាចផ្តល់ជូនរហូតដល់២០នាក់។
បើតាមប្រភពដដែល ដើម្បីអាចស្នើអាហារូបករណ៍នេះ បេក្ខជនត្រូវមានលក្ខខណ្ឌដូចតទៅ មានសញ្ជាតិខ្មែរ ហើយរស់នៅក្នុងប្រទេសកម្ពុជាពេញមួយរយៈពេលនៃវគ្គសិក្សា និងជាអ្នកជំនាញភាសាអង់គ្លេស ដែលមានជំនាញអាន និងសរសេរភាសាអង់គ្លេសខ្លាំង ; មិនបានចូលរួមក្នុងវគ្គសិក្សា E-Teacher ឬ OPEN Global Online Course សម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ; មានការប្តេជ្ញាចិត្ត និងសន្យាថានឹងបញ្ចប់វគ្គសិក្សា មានកុំព្យូទ័រជាមួយនឹងការតភ្ជាប់អ៊ីនធឺណិត សម្រាប់សិក្សាតាមអនឡាញ។ ជាពិសេស បេក្ខជនអាចចំណាយពេល 1-2ម៉ោងតាមអ៊ីនធឺណិតក្នុងមួយថ្ងៃ សម្រាប់រយៈពេលនៃវគ្គសិក្សា 8 សប្តាហ៍។
គួរបញ្ជាក់ថា កម្មវិធី Online Professional English Network (OPEN) Program ផ្តល់ជូនវគ្គសិក្សាកម្រិតសាកលវិទ្យាល័យអនឡាញរយៈពេល 8 សប្តាហ៍ក្នុងការបង្រៀនភាសាអង់គ្លេសដល់អ្នកនិយាយភាសាផ្សេងទៀត (TESOL) ។ វគ្គសិក្សាត្រូវបានបង្កើតឡើងនិងផ្តល់ជូនដោយគ្រឹះស្ថានឧត្តមសិក្សារបស់សហរដ្ឋអាមេរិក៕