681 ezgif.com resize
Swift cc time

ក្រុម Lightwork បានជ័យជម្នះក្នុងកម្មវិធី«ជជែកដេញដោលជាភាសាអង់គ្លេស» ក្នុងចំណោមសិស្សភ្នំពេញ និងកំពង់ចាម ៤០ក្រុម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ក្រុម Lightwork, ជ័យលាភីលេខ១នៃការប្រកួត AUPP Debate Open 2025

ភ្នំពេញ៖ សិស្សនិស្សិតចំនួន ៤០ក្រុម មកពីភ្នំពេញ និងកំពង់ចាម បានប្រកួតជជែកដេញដោលជាភាសាអង់គ្លេស AUPP Debate Open 2025។ ជាលទ្ធផល ក្រុម Lightwork ដែលមានយុវជន ស៊ូ សាធុវិហារី អៀ គីមសែ និង ប៊ឹង សុរក្សា ទទួលបានជ័យលាភីលេខ១ ក្រោយប្រកួត៨ជុំ។

កម្មវិធីប្រកួតជជែកដេញដោលជាភាសាអង់គ្លេសដែលមានឈ្មោះ AUPP Debate Open 2025 បានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានការចូលរួមពីសាធារណជនប្រមាណ ២០០នាក់។ នៅក្នុងឆ្នាំ២០២៥នេះ កម្មវិធីមានយុវជនចូលរួមរហូតដល់៤០ក្រុមដែលក្នុងនោះមាន១០ក្រុម មកពី AUPP និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រៅពីនេះ មានសិស្សវិទ្យាល័យចំនួន៣០ក្រុម មកពីវិទ្យាល័យនានានៅភ្នំពេញ និងកំពង់ចាម ទាំងឯកជន និងរដ្ឋ។

យុវតី បឹង សុរក្សា មកពីក្រុម Lightwork

សិស្សទាំង៤០ក្រុម បានឆ្លងការប្រកួតជាច្រើនដំណាក់កាលទម្រាំអាចស្វែងរកម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០២៥ ដែលក្នុងនោះមាន៨ជុំ រួមមាន វគ្គជម្រុះបឋមចំនួន៥ជុំ វគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ការប្រកួតជជែកដេញដោលបានប្រព្រឹត្តទៅដោយប្រើប្រព័ន្ធសភាអាស៊ាន និងជាភាសាអង់គ្លេសទាំងមូល ដែលពីមួយវគ្គទៅមួយវគ្គមានប្រធានបទជាច្រើនដូចជា ទំនាក់ទំនងអន្តរជាតិ អក្សរសាស្ត្រ ទស្សនៈវិជ្ជា និងប្រធានបទជាច្រើនទៀត។ 

ក្រុម All Too Well (10 Minute Version) Taylor’s Version From The Vault

ជាលទ្ធផល ក្រុម Lightwork ដែលមានយុវជន ស៊ូ សាធុវិហារី អៀ គីមសែ និង ប៊ឹង សុរក្សា ទទួលបានជ័យលាភីលេខ១ ចំណែកឯជ័យលាភីលេខ២បានទៅលើក្រុម All Too Well (10 Minute Version) Taylor’s Version From The Vault ដែលមានសិស្ស លី​ វឌ្ឍន:

លានវង្សវិសិដ្ឋ និងហោហេង សិរីសុជាតា។

ក្រុម Lightwork

សមាជិកម្នាក់នៃក្រុមជ័យលាភីលេខ១ បា​នថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការយកឈ្នះជ័យលាភីលេខ១ បូករួមនឹងពានរង្វាន់បេក្ខជនឆ្នើមក្នុងការនិយាយ (Best Speaker Award) ជាដំណើរមួយដែលពោរពេញដោយភាពអត់ធ្មត់ និងមានភាពនឿយហត់ជាខ្លាំង ព្រោះក្នុងរយៈពេលទាំង២ថ្ងៃនេះក្រុមនីមួយៗត្រូវឆ្លងកាត់នូវវគ្គប្រកួតជាច្រើនបូករួមនឹងឧបសគ្គមួយចំនួនដូចជាការប៉ះនឹងប្រធានបទស៊ីជម្រៅពីវិស័យផ្សេងៗដូចជាខាងទំនាក់ទំនងអន្តរជាតិ និងការវែកញែកតួអង្គអក្សរសាស្ត្រ និងបញ្ហាសង្គមនានាជាដើម។បន្ថែមពីនេះ ក្រុម Lightwork ជ័យលាភីលេខ១ បានផ្តល់ជាគន្លឹះសម្រាប់អ្នកដែលមានបំណងក្នុងការចូលរួមប្រកួតជជែកដេញដោលថា "ការប្រកួតជជែកដេញដោល ផ្ដោតសំខាន់លើជំនាញក្នុងការទំនាក់ទំនង និងបកស្រាយពីមូលហេតុប្រកបដោយការវិនិច្ឆ័យបានដិតដល់ ក្បោះក្បាយ មានទម្រង់និងរបៀបរបបក្នុងការនិយាយដែលផ្ដល់ភាពងាយស្រួលសម្រាប់គណៈកម្មការក្នុងការកត់ និងស្ដាប់យល់ពីអ្វីដែលយើងចង់និយាយ។ ការប្រកួតមិនទាមទារអោយមានកម្រិតភាសាអង់គ្លេសខ្ពស់ ឬប្រើប្រាស់ពាក្យពេចន៍ដែលមានកម្រិតខ្ពស់ៗនោះទេ តែវាទាមទារឱ្យបេក្ខជនរៀនសូត្រពីមតិរិះគន់ និងបទពិសោធន៍ដែលទទួលបានពីមួយវគ្គទៅមួយវគ្គដើម្បីអភិវឌ្ឍខ្លួនអោយបានល្អជាងមុន។”។

ក្រុម All Too Well (10 Minute Version) Taylor’s Version From The Vault

ចំណែកឯ ក្រុមជ័យលាភីលេខ២ ដែលមានឈ្មោះ All Too Well (10 Minute Version) Taylor’s Version From The Vault បានរៀបរាប់ថា ការប្រកួតមួយនេះមិនត្រឹមតែបង្ហាញអោយឃើញពីចំណុចខ្លាំង និងចំណេះដឹងលេចធ្លោរបស់សមាជិកនីមួយៗទៅលើប្រធានបទដែលត្រូវប្រកួតនោះទេ ប៉ុន្តែវាក៏បានបង្ហាញអោយក្រុមខ្លួនបានឃើញពីមេរៀនដ៏មានតម្លៃមួយចំនួនដូចជាការជឿទុកចិត្តលើគ្នា មិត្តភាព និងការលូតលាស់ជាមួយគ្នាក្នុងនាមជាសមាជិកនៃក្រុម និងជាអ្នកតស៊ូមតិមួយរូប។ ក្រុមនេះ បានបន្តទៀតថា គណៈកម្មការសុទ្ធតែបង្ហាញពីបទពិសោធន៍ខ្ពស់ក្នុងការវិនិច្ឆ័យនិងដាក់ពិន្ទុការប្រកួតបែបនេះដោយមានភាពសុក្រិត និងយុត្តិធម៌និងផ្ដល់ជាមតិល្អៗដែលបានជួយក្រុមនីមួយៗកែលម្អចំណុចខ្វះខាត នៅវគ្គបន្តបន្ទាប់ទៀត។​

លោក ឡាច ច័ន្ទមិនា គណកម្មាធិការក្នុងការរៀបចំប្រធានបទ

លោក ឡាច ច័ន្ទមិនា គណកម្មាធិការក្នុងការរៀបចំប្រធានបទនៃកម្មវិធីប្រកួតជជែកដេញដោលនេះផ្ទាល់បានលើកឡើងថា លោកពិតជាមានភាពភ្ញាក់ផ្អើលទៅលើសមត្ថភាពនៃការយល់ដឹងពីចំណេះដឹងទូទៅនៃសិស្សានុសិស្សដែលបានចូលរួមប្រកួត ទោះបីភាគច្រើនប្រធានបទទាំងនេះជាប្រធានបទដែលថ្មី និងមិនសូវទទួលបានការលើកឡើងក្នុងការជជែកពិភាក្សាឡើយ។

គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលនេះ ឆ្នាំមុនមានការចូលរួមតែចំនួន២២ក្រុមតែប៉ុណ្ណោះ តែនៅក្នុងឆ្នាំនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកចូលរួមប្រកួតរហូតដល់ទៅ៤០ក្រុម មកពី សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សកលវិទ្យាល័យជាតិគ្រប់គ្រង សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះយុគន្ធរ និងសាលាឯកជនចំនួនបីផ្សេងទៀត៕

គណៈកម្មការវាយតម្លៃ 



Khcct banner

អត្ថបទទាក់ទង