ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International) កំពុងជ្រើសរើសក្មេងស្រី ចំនួន ២៤នាក់ ដើម្បីកាន់តួនាទីក្នុងក្តីស្រមៃ ដើម្បីផ្តល់ឱកាសឱ្យក្មេងស្រីបានសាកល្បង និងស្វែងយល់ពីតួនាទីក្នុងក្តីស្រមៃរបស់ពួកគេ។ ក្មេងស្រីដែលអាចដាក់ពាក្យបាន ត្រូវជាក្មេងស្រីដែលមានអាយុ១៥ ដល់២៤ឆ្នាំ មកពីភ្នំពេញ សៀមរាប ស្ទឹងត្រែង និង រតនគិរី។
យោងតាមសេចក្តីជូនដំណឹងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International) បានឱ្យដឹងថា អង្គការបាននឹងកំពុងរៀបចំព្រឹត្តិការណ៍ ក្មេងស្រីកាន់តួនាទីជំនួស ឬ Girls Takeover នេះចាប់តាំងពីឆ្នាំ២០១៧។ ព្រឹត្តិការណ៍ទាំងនោះធ្វើឡើងដើម្បីលុបបំបាត់ការរើសអើងដែលរារាំងក្មេងស្រីពីការស្វែងរក ក្តីសុបិន្តរបស់ពួកគេ។ ព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យក្មេងស្រីចំណាយពេលមួយថ្ងៃក្នុងតួនាទីជាអ្នកដឹកនាំនៅក្នុងរដ្ឋាភិបា ល ស្ថានទូត អង្គការសហប្រជាជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងទៀត ដើម្បីទាមទារអំណាចស្មើគ្នា សេរីភាព និងតំណាងក្មេងស្រី និងស្ត្រី។
តាមរយៈកម្មវិធី ក្មេងស្រីកាន់តួនាទីជំនួស នេះ ក្មេងស្រីនឹង បានស្វែងយល់ថាតើក្មេងស្រីអាចបន្តក្តីស្រមៃរបស់ពួកគេក្នុងការទទួលមុខតួនាទីណាមួយដែលពួកគាត់ចង់ ក្លាយទៅជានាពេលអនាគតបានដោយរបៀបណា។ ជាពិសេស ក្មេងស្រី នឹងបានទទួលឱកាសនិងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ស្តីពីបញ្ហាដែលប៉ះពាល់ដល់ខ្លួនពួកគេ និងពង្រឹង ភាពអង់អាចរបស់ក្មេងស្រីក្នុងការចូលរួមក្នុង ការអភិវឌ្ឍកម្មវិធី ការស្វែងរកមតិគាំទ្រ និងការសម្រេចចិត្ត ព្រមទាំងយល់ដឹងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន/ស្ថាប័ន/អង្គការជាក់លាក់ដើម្បីគាំទ្រក្មេងស្រីក្នុងការកសាងសមភាព សម្រាប់ក្មេងស្រីនៅក្នុងសង្គម។
ក្នុងឆ្នាំ ២០២៦ ដើម្បីអបអរទិវាក្មេងស្រីអន្តរជាតិ និងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទង នឹងយេនឌ័រ ទិវាអន្តរជាតិនារី ជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នផ្សេងៗទៀត អង្គការភ្លែនកំពុងជ្រើសរើសក្មេងស្រីដែល មានសក្តានុពលចំនួន ២៤ រូប សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ ក្មេងស្រីកាន់តួនាទីជំនួស សម្រាប់ឆ្នាំ២០២៦ និង២០២៧ នៅក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅរបស់អង្គការភ្លែនដូចជា ខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង។
បើតាមអង្គការ Plan លក្ខខណ្ឌក្នុងការជ្រើសរើសក្មេងស្រីចូលរួមក្នុងព្រឹត្តិការណ៍ក្មេងស្រី ត្រូវតែជាក្មេងស្រីដែលមានអាយុចាប់ពី ១៥-២៤ឆ្នាំ ដែលមកពី រាជធានីភ្នំពេញ សៀមរាប រតនគិរី និងស្ទឹងត្រែង ដែលជាសមាជិកនៃក្លឹបកុមារក្នុងភូមិ ឬ ឃុំដែលពួកគាត់រស់នៅ។ បន្ថែមពីនេះ បេក្ខជនត្រូវមានការយល់ដឹងពីបញ្ហាយេនឌ័រ ឬ កំពុងធ្វើការទាក់ទងនឹងសមភាពយេនឌ័រ សិទ្ធិរបស់ក្មេងស្រី/កុមារី ថែមទាំងមានការប្តេជ្ញាចិត្តក្នុងការបន្តធ្វើសកម្មភាព និងចូលរួមក្នុងសកម្មភាពនានាៗ បន្តទៀតដែលជាលទ្ធផលនៃ ព្រឹត្តិការណ៍នេះ ហើយមានពេលដើម្បីចូលរួមជាមួយសកម្មភាពរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងមានឆន្ទៈក្នុងការលើកកម្ពស់ក្តីស្រមៃរបស់ក្មេងស្រី។ អ្វីដែលគួរជាទីកត់សម្គាល់ បេក្ខជនត្រូវមានបទពិសោធន៍យ៉ាងហោចណាស់មួយឆ្នាំក្នុងការចូលរួមរបស់យុវជន និងការពង្រឹងភាពអង់អាចរបស់ក្មេងស្រីនៅកម្រិតសហគមន៍។
អង្គការបានគូសបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីព័ត៌មានលម្អិតតាមរយៈ តំណភ្ជាប់។ ដើម្បីដាក់ពាក្យ បេក្ខជនអាចចូលបំពេញតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មុនម៉ោង ៥:០០ ល្ងាច។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាផ្តល់ឱកាសដល់ក្មេងស្រីជាង ៣០នាក់ ដើម្បីកាន់តួនាទីជំនួសក្នុង ព្រឹត្តិការណ៍ ក្មេងស្រីកាន់តួនាទីជំនួស ដែលក្នុងនោះមានតួនាទី ដូចជា ឯកអគ្គរដ្ឋទូតឥណ្ឌា ឯកអគ្គរដ្ឋទូតស៊ុយអែត រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលស្រុកបន្ទាយស្រី នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ប្រធានមន្ទីអប់រំ យុវជន និងកីឡា និងអ្នកបង្កើតមាតិកាជាដើម។ល។ តាមរយៈព្រឹត្តិការណ៍ ក្មេងស្រីកាន់តួនាទីជំនួស ក្មេងស្រីមានឱកាសស្វែងយល់ពីលក្ខខណ្ឌការងាររបស់ស្ថាប័នទាំងនោះ ហើយក៏ចែករំលែកកង្វល់ និងអនុសាសន៍របស់ ពួកគេពីទស្សនៈ និងបទពិសោធន៍របស់ពួកគេផងដែរ៕