ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បង្ហាញការឆ្លើយតប ទូន្មានចំពោះអ្នកនយោបាយ និង ក្រុមអគតិមួយចំនួនរបស់ថៃ ចំពោះការធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួន វាជារឿងគួរឲ្យអស់សំណើច។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។
បើតាមសម្ដេច ហ៊ុន សែន ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្ដេច វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះសម្ដេចទៅវិញទេ។ គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះ សម្ដេចបានទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»។
យោងតាមលទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា ប្រជាជនកម្ពុជា ៩៩,៨% បានគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
ការស្ទង់មតិដដែលបន្តថាប្រជាជន ២៩,៣% ផ្តល់តម្លៃដល់ការចរចាទ្វេភាគី ដរាបណាមានការតភ្ជាប់ជាមួយតុលាការ ICJ និង ១,១% មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ ខណៈប្រមាណ ០,២% ជ្រើសរើសយកមាគ៌ាសង្គ្រាម។ប្រជាជន ៨៨,៧% ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់កម្ពុជាជាការឆ្លើយតបទៅនឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ និង ៨៨,៦% គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក។ ប្រជាជនកម្ពុជា ៧៣,៨% ជឿថាជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឡើងដោយយោធាថៃ ហើយ ២៣,១% ជឿថាបង្កដោយពួកជាតិនិយមជ្រុលថៃ និងថារដ្ឋាភិបាលថៃមានអំណាចតិចតួចនៅក្នុងការគ្រប់គ្រងរដ្ឋថៃ។
ជាមួយគ្នានោះ វិទ្យាស្ថាន AVI បានអះអាងទៀតថា ប្រជាជន ៩៥,៨% បានគាំទ្របុព្វហេតុការពារជាតិរបស់កងទ័ពកម្ពុជាដើម្បីត្រៀមទប់ស្កាត់ និង ឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ តាមរយៈការដាក់កងកម្លាំងប្រដាប់អាវុធប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង៕