681 ezgif.com resize
Swift cc time

កម្ពុជា ស្នើចុះពិធី«អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង«អាពាហ៍ពិពាហ៍ខ្មែរ មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមប្រសាសន៍របស់លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក ស៊ុំ ម៉ាប់ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខា ធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។

បើតាមមន្ត្រីនាំពាក្យរូបនេះបានថ្លែងថា គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ»របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។

សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និតពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។

«ពិធីអាពាហ៍ពិពាហ៍ខ្មែរ»នេះ រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង ដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ។


Khcct banner

អត្ថបទទាក់ទង