681 ezgif.com resize
Swift cc time

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ជ្រើសរើស«យុវជន១៦រូប»ចូលរួមសិក្ខាសាលានៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន

ភ្នំពេញ៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ជ្រើសរើសយុវជន១៦រូបចូលរួមសិក្ខាសាលានៅចិនចំនួនពីរផ្សេងគ្នា និង ជ្រើសរើសយុវជន២០រូប​សម្រាប់ចូលរួមសិក្ខាសាលាអនឡាញចំនួន ១។ សិក្ខាសាលានេះត្រូវបានឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) ដែលភាគីចិនទទួលបន្ទុកលើថ្លៃសំបុត្រយន្តហោះទៅវិញទៅមក, ថ្លៃVISA, អាហារ, កន្លែងស្នាក់នៅ, ដំណើរ ទស្សនកិច្ច និងប្រាក់ឧបត្ថម្ភ។

រូបតំណាងពី៖ គេហទំព័រ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន

យោងតាមសេចក្តីជូនដំណឹងនៃសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន នាថ្ងៃទី ៨ កក្កដា ២០២៥ បានឱ្យដឹងថា សមាគមត្រូវការជ្រើសរើសយុវជន-និស្សិតចំនួន ១៦ រូប ដើម្បីចូលរួមសិក្ខាសាលាផ្ទាល់ចំនួន ២ និងយុវជន-និស្សិត ចំនួន ២០ រូប ដើម្បីចូលរួមសិក្ខាសាលាអនឡាញចំនួន ១ ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) ផ្តល់ជូនដោយការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំនៅកម្ពុជា។ សម្រាប់ការចូលរួមនៅប្រទេសចិន ភាគីចិនទទួលបន្ទុកលើថ្លៃសំបុត្រយន្តហោះទៅវិញទៅមក, ថ្លៃVISA, អាហារ, កន្លែងស្នាក់នៅ, ដំណើរ ទស្សនកិច្ច និងប្រាក់ឧបត្ថម្ភ។

បើតាមសមាគម សិក្ខាសាលាទី១ ជ្រើសរើសនិស្សិតកម្ពុជា ៨នាក់ ដើម្បីចូលរួមកម្មវិធីបណ្តុះបណ្តាល ដែលផ្តោតលើប្រធានបទស្ដីពីការបណ្ដុះបណ្ដាលទេពកោសល្យក្នុងការបង្កើតពាណិជ្ជកម្មអេឡិចត្រូនិកជនបទ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 6 ដល់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2025 (14 ថ្ងៃ) ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន។ ចំណែកឯ សិក្ខាសាលាទី២ ស្តីពីវប្បធម៌ប្រពៃណីទំនាក់ទំនងអន្តរជាតិសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជ្រើសរើសនិស្សិត ៨នាក់។ កម្មវិធីនឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ខែសីហា ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ (២១ ថ្ងៃ) នៅទីក្រុងប៉េកាំង ប្រទេសចិន។

បន្ថែមពីនេះ សមាគម ជ្រើសរើសនិស្សិត២០នាក់ ដើម្បីចូលរួមសិក្ខាសាលាតាមអនឡាញ ស្តីពីការកសាងសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពថ្នាក់តំបន់សម្រាប់ភាពរីកចម្រើនសេដ្ឋកិច្ច និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ (៨ថ្ងៃ) តាមរយៈអនឡាញ។

ដើម្បីអាចដាក់ពាក្យបាន យុវជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានអាយុចាប់ពី ២០ ឆ្នាំ ដល់ ៤៥ ឆ្នាំ ហើយមាន លិខិតឆ្លងដែលមានសុពលភាពលើសពី ៦ ខែ។ជាពិសេស បេក្ខជនអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងមានផ្ញើប្រវត្តិរូបជាភាសាអង់គ្លេស និងលិខិតបញ្ជាក់សុខភាព (ក្រោយសម្ភាស)។

គួរបញ្ជាក់ថា សមាគមនឹងទទួលពាក្យរហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់។ រីឯកាលបរិច្ឆេទសម្ភាស គឺនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទី ព្រឹកតទៅ។ បេក្ខជន ចុះឈ្មោះតាមរយៈ Link https://forms.gle/RGtkdioBqTDv7eJc6

ឬ ស្គេន QR Code ដូចក្នុងរូបខាងក្រោម៕


Khcct banner

អត្ថបទទាក់ទង