ភ្នំពេញ៖ អង្គការសហគមន៍យើង កំពុងប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស ដែលបានជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២ ដែលមានអាយុក្រោម២៥ឆ្នាំ តែខ្វះលទ្ធភាពបន្តការសិក្សា ដើម្បីរៀនថ្នាក់បរិញ្ញាបត្រ នៅសៀមរាប។ អាហារូបករណ៍នេះបើកទទួលពាក្យរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃគេហទំព័រ អង្គការសហគមន៍យើង បានឱ្យដឹងថា អាហារូបករណ៍នេះផ្តល់ជូនសម្រាប់សិស្សដែលបានជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២ មកពីគ្រួសារដែលមានចំណូលទាបនិងខ្វះលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយមិនទាន់បានចូលរៀននៅសាកលវិទ្យាល័យ ឬសាលាបច្ចេកទេស ដែលមានកម្រិតចាប់ពីបរិញ្ញាបត្រ ឬបរិញ្ញាបត្ររង (លើកលែងវគ្គសិក្សាខ្លីៗ)។ បន្ថែមនេះ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវជាសិស្សដែលមានអាយុមិនលើសពី២៥ឆ្នាំ គិតត្រឹមថ្ងៃផុតកំណត់ដាក់ពាក្យ និងមានឆន្ទៈនិងការតាំងចិត្តខ្ពស់ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តម សិក្សា(កម្រិតបរិញ្ញាបត្រ) ក្នុងខេត្តសៀមរាប ហើយមានឆន្ទៈជួយអភិវឌ្ឍសហគមន៍។
អាហារូបករណ៍នេះផ្តល់ជាអត្ថប្រយោជន៍រួមមាន ការគាំទ្រផ្នែកហិរញ្ញវត្ថុរួមមានការបង់ថ្លៃសាលា និង ថ្លៃសៀវភៅពុម្ព។ សិស្សដែលជាប់អាហារូបករណ៍នេះ នឹងមានឱកាសចូលរួមវគ្គសិក្ខាសាលា និង ការបណ្តុះបណ្តាលសំខាន់ៗ ដូចជា ការអភិវឌ្ឍជំនាញសតវត្សទី២១ ភាពជាអ្នកដឹកនាំ និង ការ ណែនាំអំពីអាជីពការងាររួមមាន ការរៀបចំ CV, Cover Letter បែបបទសម្ភាសន៍ ការដាក់ពាក្យការងារសាកល្បង។ល។ ក្រៅពីនេះ សិស្សអាចចូលរៀនថ្នាក់រៀនភាសាអង់គ្លេស កុំព្យូទ័រ ដើម្បីត្រៀមខ្លួនសម្រាប់ការងារកំឡុង និងក្រោយបញ្ចប់ការសិក្សា ព្រមទាំងទទួលបានការប្រឹក្សាយោបល់នៅពេលជួបបញ្ហាការរៀនសូត្រ ការងារ ឬ គ្រួសារ និង. ក្លាយជាបណ្តាញយុវជនរបស់អង្គការសហគមន៍យើង។
ដើម្បីអាចដាក់ពាក្យបានបេក្ខជនអាចមានជម្រើសពីរ គឺទី១ សិស្សអាចយកពាក្យដើម្បីបំពេញដោយផ្ទាល់នៅអង្គការសហគមន៍យើង រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ ពីថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍ ចន្លោះម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ដែលមានទីតាំងនៅ ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប។ ចំណែកឯ ជម្រើសទី២ គឺសិស្សអាចទាញយក ពាក្យក្នុងតំណភ្ជាប់ https://jwoc.info/.../Scholarship-Application-Form_2025.pdf ពេលបំពេញហើយផ្ញើពាក្យមកវិញតាមអាស័យដ្ឋាន អ៊ីមែល [email protected] ហើយត្រូវដាក់ពាក្យទៅកាន់អង្គការឱ្យបានមុនថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្នុងករណី សិស្សមានចម្ងល់ពីការដាក់អាហារូបករណ៍ អាចសួរសំណួរទាក់ទងនិងពាក្យ មកកាន់អ្នកសម្របសម្រួលដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 012 971 732 ឬ តេលេក្រាមដែលមាន Username: @SREYNIT_LOY ៕