681 ezgif.com resize
Moneygramott moi1280x163px

គណៈអចិន្ត្រៃយ៍រដ្ឋសភា អនុម័តសំណើធ្វើវិសោធនកម្ម ច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី ៧ កក្កដានេះ បានសម្រេចអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស មកពិនិត្យសិក្សា។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រគល់ភារកិច្ចនេះជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ តាមគម្រោង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី ៨ ខែកក្កដា ស្អែកនេះ ហើយសំណើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប នឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សានិងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥។

គួររម្លឹកថា កាលពីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន​ បាន​លើកយោបល់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកហូតសញ្ជាតិពលរដ្ឋខ្មែរដែលគប់គិតជាមួយបរទេសក្នុងចេតនាបំផ្លាញជាតិ​។ជាសំណើ ធ្វើឡើង ដើម្បីឆ្លើយតបទៅក្រុមប្រឆាំងដែលបាន​ស្រែក​ទាមទារ​ឱ្យ​​រដ្ឋាភិបាលកម្ពុជា​​​​បង្ហាញឯកសារច្បាប់​ទៅ​តុលាការ ICJ ​​ក្នុងសំណុំរឿងជម្លោះព្រំដែនជាមួយថៃ និង តែងតែធ្វើសម្មភាពបំបាក់ទឹកចិត្តកងទ័ព ខណៈកំពុងមានភាពតានតឹងព្រំដែនជាមួយថៃ។

តាមរយៈបណ្តាញសង្គម សម្តេច ហ៊ុន សែន​ បានអះអាងជាថ្មីថា ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម។ពីទឹកដីនៃខេត្តកំពង់ធំកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ថា ផែនការរៀបចំ «ធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិ» គឺដើម្បីប្រឆាំងទៅនិងជនជាតិខ្មែរណាដែលធ្វើសម្មភាពបំផ្លាញផលប្រយោជន៍របស់ខ្មែរ។ដូច្នេះសម្តេចស្នើសុំកុំមានការភ័យ ឬព្រួយបារម្ភ ប្រសិនបើយើងមិនបានធ្វើសកម្មភាពចង់បំផ្លាញខ្មែរ ហើយអ្នកនោះមិនមែនជាខ្មែរនោះទេ។

បើតាមសម្តេច ហ៊ុន ម៉ាណែត នៅលើពិភពលោក មានប្រទេសជាច្រើន ដែលមានច្បាប់ដកសញ្ជាតិ ហើយក្នុងនោះមានជាង១៥០ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ ចំពោះការធ្វើភេរវកម្ម និងប្រឆាំងជាតិ។ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា។

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទួលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ។ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ អាចធ្វើទៅបាន៕

Khcct banner

អត្ថបទទាក់ទង