
ភ្នំពេញ៖ យុវជន ឈាង ជាតិត្រា ផ្តួចផ្តើមគម្រោង «មោទនភាពយើង» ដើម្បីផ្ដល់ការគាំទ្រទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា តាំងពីខ្លួនរៀននៅវិទ្យាល័យកាលពីឆ្នាំ២០២៣។ មកដល់ពេលនេះ ទោះបីជា ជាតិត្រាកំពុងបន្តការសិក្សានៅសហរដ្ឋអាម៉េរិកក៏ពិតមែន តែឆន្ទៈចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា បានធ្វើឱ្យជាតិត្រារៀបចំកម្មវិធីនេះសារជាថ្មីម្តងទៀតនៅថ្ងៃទី ២៩ មិថុនា ២០២៥ នៅភ្នំពេញ។
យុវជន ឈាង ជាតិត្រា ជានិស្សិតឆ្នាំទី៣នៅ សហរដ្ឋអាមេរិក សិក្សាលើមុខជំនាញទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Bucknell University។ ផ្ដើមចេញពីការសង្កេតឃើញនៅបញ្ហាជុំវិញខ្លួនតាំងតែពីតូច យុវជន ជាតិត្រា បានផ្ដួចផ្ដើមគំនិតរៀបចំ បង្កើតកម្មវិធី “OUR PRIDE-មោទនភាពយើង” អំឡុងពេលកំពុងសិក្សាថ្នាក់វិទ្យាល័យនៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺក្នុងកាលពីឆ្នាំ២០២៣។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការអប់រំទៅកាន់យុវជនកម្ពុជា និងផ្ដល់ការគាំទ្រទៅកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលគម្រោងនេះតំណាងឱ្យក្ដីរីករាយ និងភាពក្លាហានក្នុងការយកឈ្នះការរើសអើងដោយផ្អែកលើអត្តសញ្ញាណយេនឌ័រ និងនិន្នាការភេទ។

យុវជន ជាតិត្រា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីដំបូងនៅឆ្នាំ២០២៣នេះ បានដំណើរការទៅយ៉ាងរលូន ដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ ៥០ នាក់មកពីវិទ្យាល័យ និងសកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ។ បន្ថែមពីការរៀបចំកម្មវិធីនាពេលនោះ យុវជន ជាតិត្រា ថែមតាំងបានរៀបចំចងក្រងសៀវភៅទាក់ទងនឹងពាក្យបច្ចេកទេសរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាភាសាខ្មែរដោយទទួលបានការជួយត្រួតពិនិត្យ និងសម្របសម្រួលដោយអ្នកជំនាញភាសាខ្មែរ និងអង្គការជីវិតស្រស់បំព្រង។ សៀវភៅនោះមានរួមបញ្ចូលពាក្យដូចជា រួមសិរី (Lesbian) សហបុរស (Gay) ទ្វេមេត្រី (Bisexual) សេរីយេនឌ័រ (Transgender) រួមមេត្រី (Queer) មនោរ័ក (Asexual) និងបេតីជនា(Pansexual)។

ដោយក្ដីស្រឡាញ់ និងការមើលឃើញពីផលវិជ្ជមានក្នុងការរៀបចំកម្មវិធី “OUR PRIDE” ឬ “មោទនភាពយើង” ការរៀននៅអាម៉េរិក មិនមែនជាឧបសគ្គសម្រាប់ ជាតិត្រា ក្នុងការរៀបចំកម្មវិធីនេះជាលើកទី២នោះឡើយ ជាតិត្រាបាននាំយកកម្មវិធីដ៏អស្ចារ្យមួយនេះត្រឡប់មកសារជាថ្មី ជាមួយនឹងការប្រកួតប្រជែង និងសកម្មភាពសប្បាយៗជាច្រើននៅក្នុងឆ្នាំ ២០២៥ ដោយទទួលបានជំនួយឧបត្ថម្ភពី PROJECT FOR PEACE អង្គការ SamPi - សាមពីរ និង RAINTREE។

យុវជន ជាតិត្រា បានរៀបរាប់ថា នៅក្នុងឆ្នាំ ២០២៥ គម្រោង “OUR PRIDE” ឬ“មោទនភាពយើង” បានបង្កើតការប្រកួតប្រជែងមួយ ដែលមានឈ្មោះថា “Share Your Pride” ដោយអនុញ្ញាតឱ្យក្រុមនីមួយៗស្វែងរកដំណោះស្រាយនៅជុំវិញបញ្ហាទាក់ទងនឹងសហគមន៍ LGBTQIA+ ។ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យ និងការដាក់ពិន្ទុ ពីគណៈកម្មការ ចំពោះគម្រោង ដែលបានដាក់ចូលក្នុងកម្មវិធីប្រកួត ខាងកម្មវិធីបានជ្រើសរើសបានចំនួនបួនក្រុម ដោយក្រុមនីមួយៗ ទទួលបានការបណ្ដុះ បណ្ដាលពីអ្នកជំនាញ អ្នកសម្របសម្រួល និងថវិកា ក្នុងការដំណើរការគម្រោងរបស់ពួកគាត់។ អស់រយៈពេលបួនសប្ដាហ៍ ក្រុមនីមួយៗ ទទួលបានឱកាសចែករំលែកគម្រោងរបស់ពួកគាត់ទៅកាន់មហាជន នៅក្នុងកម្មវិធី “OUR PRIDE” ឬ“មោទនភាពយើង” ដែលប្រព្រឹត្តឡើងនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ នៅឯ RAINTREE ដែលមានអ្នកចូលរួមសរុបប្រមាណ១០០នាក់។
កម្មវិធី នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ មានរួមបញ្ចូលនូវសកម្មភាពដូចជា បទបង្ហាញពីអង្គការ កិច្ចពិភាក្សាតុមូលផ្ដោតទៅលើប្រធានបទ សាច់រឿងនិងចលនាសង្គមនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ការប្រកួតពន្យល់ពាក្យបច្ចេកទេសទាំងប្រាំពីរ រួមនឹងការសម្ដែង។ សកម្មភាពទាំងអស់នេះ បានញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពរីករាយ ទទួលបានចំណេះដឹងថ្មី ព្រមទាំងបង្កើតបានជាទីកន្លែងសុវត្ថិភាព ដោយអ្នកចូលរួមទាំងអស់គ្នា អាចចែករំលែកបទពិសោធន៍ និងមតិយោបល់បានដោយសេរី។

យុវជន ចន្នី ម៉ានីត ជាអ្នកចូលរួមនៅក្នុងកម្មវិធីនេះ បានប្រាប់ស៊ីស៊ីថាមស៍ថា ៖ “តាមរយៈការចូលរួមកម្មវិធីនេះ ខ្ញុំបានសិក្សាបន្ថែមអំពីភាពខុសគ្នានៃភេទ និងរៀនស្គាល់ពីអត្តសញ្ញាណភេទនានា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃការគាំទ្រនិងការយល់ដឹងចំពោះសហគមន៍ LGBTQ+។ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍បែបនេះនឹងបន្តមានឱកាសក្នុងសង្គមយើង ដើម្បីបង្កើតបរិយាកាសគ្មានការរើសអើង និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប។”។

យុវជន ជាតិត្រា ដែលជាអ្នកដឹកនាំគម្រោង បានបង្ហាញចំណាប់អារម្មណ៍ថា “ស្នាមញញឹមនិងភាពរីករាយពីអ្នកចូលរួម គឺជាការរំលឹកមកកាន់ខ្ញុំថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំ មិនត្រូវបានខ្ជះខ្ជាយនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានឃើញ ការផ្លាស់ប្តូរ និងការទទួលស្គាល់ ជាពិសេសនៅពេលដែលអ្នកចូលរួមដែលមានអត្តសញ្ញាណជាបុគ្គល នៅក្នុងសហគមន៍ អ្នកស្រឡាញ់ភេទដូចគ្នាបានប្រាប់ខ្ញុំថា កម្មវិធីបានផ្តល់នូវកម្លាំងចិត្តនិងការគាំទ្រចំពោះ ពួកគាត់។ សម្រាប់ខ្ញុំ ការចូលរួមរបស់អ្នកចូលរួមនីមួយៗ គឺជាជំហានដំបូងនៃការទទួលយក ពីព្រោះខ្ញុំជឿជាក់ថា ការបង្ហាញ វត្តមានចំពោះអ្នកដទៃ គឺជាភាសានៃក្តីស្រឡាញ់និងការគាំទ្រ។ វាគឺជាសកម្មភាពដែលមានន័យថា “ខ្ញុំទទួលយកអ្នក” និង “ខ្ញុំនឹងចាំគាំទ្រអ្នកជានិច្ច”។”

ក្នុងនោះផងដែរ យុវជន ស្រិត ភារ៉ុង ដែលជាសមាជិកក្រុមស័្មគ្រចិត្ត បានចែករំលែកថា៖ “ការចូលរួមក្នុងព្រឹត្តិការណ៍ "មោទនភាពរបស់យើង" មានឥទ្ធិពលយ៉ាងខ្លាំងមកលើរូបខ្ញុំ។ វាមិនមែនគ្រាន់តែជាការប្រារព្ធពិធីប៉ុណ្ណោះទេ ប៉ុន្តែវាជាការរំលឹកពីអត្ថន័យពិតនៃការរស់ជាខ្លួនឯង និងត្រូវបានគេមើលឃើញ និងទទួលយកកាពិត។ បន្ទាប់ពីបានចប់កម្មវិធីមួយនេះ ខ្ញុំដើរចេញដោយមានក្តីសង្ឃឹម មានការយល់ដឹងកាន់តែច្រើន និងមានមោទនភាពក្នុងការឈរនៅក្នុងសហគមន៍ LGBTQIA+”។

គួរបញ្ជាក់ថា កម្មវិធីនេះ ទទួលបានអ្នកចូលរួមប្រមាណ ជាង ១០០ នាក់ មកពីអង្គការសុីវិល គ្រឹះស្ថានបោះពុម្ព បុគ្គលិកពីស្ថាប័នផ្សេងៗ សិស្សានុសិស្សវិទ្យាល័យនិង សកលវិទ្យាល័យដូចជា “Micro Rainbow Cambodia” “Impulse Phnom Penh” “United Nations Youth Advisory Panel Cambodia (UNYAP)” “Beautiful Life Organization” និង គ្រឹះស្ថានបោះពុម្ភ “ចត្វាប៊ុក”៕