ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៤ កក្កដានេះ បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយការស្វាគមន៍យ៉ាងកក់ក្តៅ។ការស្វាគមន៍នេះ គឺធ្វើឡើង ក្រោយព្រះសង្ឃអង្គនេះសម្តែងការមិនពេញចិត្តនឹងអាជ្ញាធរថៃ និង បានរិះគន់ដល់ពលរដ្ឋខេត្តសុរិន្ទដើមកំណើតខ្មែរមួយចំនួន ដែលនិយមថៃ ហើយភ្លេចកំណើតខ្លួន។
ការវិលត្រឡប់មកកម្ពុជានេះ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយលោកតា ស៊ុច ដែលគង់នៅប្រទេសថៃ បានទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ហើយមានសង្ឃដីកាបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា។
ក្រោយមានការផ្ទុះចាប់អារម្មណ៍ក្នុងបណ្តាញសង្គម លោកតាត្រូវបានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍ដើម្បីមកគង់នៅជាអចិន្ត្រៃយ៍ ក្នុងប្រទេសកម្ពុជាវិញ។ សម្តេច ហ៊ុន ម៉ាណែត ក៏ប្រកាសស្វាគមន៍ ព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។
បន្ទាប់ពីមើលឃើញបញ្ហានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានផ្តល់យោបល់ឲ្យ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលស្នើសុំព្រះមហាក្សត្រ ដើម្បីប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច៕