Smart saver cctime web bannertif

យុវជន៤ក្រុមជាប់ជ័យលាភី បង្កើតកម្មវិធីទូរស័ព្ទជួយអភិវឌ្ឍកុមារក្នុងការអប់រំ និងដោះស្រាយបញ្ហាក្នុងសហគមន៍

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន៤ក្រុម បានជាប់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិតិចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៥ ដែលបានបង្កើតកម្មវិធីទូរស័ព្ទជំនួយដល់កុមារផ្នែកអប់រំ និងការដោះស្រាយបញ្ហា ជាប្រយោជន៍ដល់សហគមន៍ ដែលយុវជនទទួលបានការពង្រឹងចំណេះដឹង ផ្នែកបច្ចេកវិទ្យាជំនាញឌីជីថល សហគ្រិនភាព ការកសាងអាជីពជាដើម។

ក្នុងចំណោមការប្រកួត ១៥គម្រោង យុវជនក្រុម MNRR ក្នុងគម្រោង Koma ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ ដោយបានបង្កើតកម្មវិធីទូរស័ព្ទគាំទ្រការអភិវឌ្ឍការនិយាយសម្រាប់កុមារមានជំងឺអូត៊ីសឹម។ កម្មវិធីទូរស័ព្ទនេះ នឹងជួយកុមារតាមរយៈការរៀនតាមល្បែង ការណែនាំអំពីការព្យាបាល ការប្រឹក្សាយោបល់ និងការជួយកិច្ចការប្រចាំថ្ងៃ។

កម្មវិធីក៏មានជ័យលាភី៣បន្ថែមទៀត ដោយក្រុម Anakut ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យ ដោយបានបង្កើតកម្មវិធីជួយនិស្សិតបញ្ចប់ថ្នាក់វិទ្យាល័យក្នុងការស្វែងរកកម្មសិក្សា និងស្វែងយល់ពីសាកលវិទ្យាល័យនានានៅកម្ពុជា ដែលត្រូវគ្នាទៅនឹងគោលដៅ បទពិសោធន៍ និងទីតាំង ព្រមទាំងផ្តល់ការណែនាំក្នុងការជ្រើសរើសជំនាញសំខាន់ៗសម្រាប់អនាគត។

ក្រុម Takor Girls ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា បង្កើតកម្មវិធីអប់រំនេះជួយកុមារអាយុពី ១-៣ ឆ្នាំ រៀនអក្សរ ស្រៈ និងលេខខ្មែរតាមរយៈសំឡេង និងរូបភាព ដែលជាជម្រើសសប្បាយរីករាយជំនួសឱ្យ YouTube ឬ Facebook ។ ក្រុម supersolver ទទួលបានជ័យលាភីប្រជាប្រិយភាពថ្នាក់ជាតិ បង្កើតបច្ចេកវិទ្យាដើម្បីគាំទ្រកសិករក្នុងការចិញ្ចឹមសត្វ ជួយផ្តល់មាតិកាអប់រំ ព័ត៌មានទីផ្សារ ការរំលឹកកិច្ចការ ទំនាក់ទំនងពេទ្យសត្វ និងការណែនាំពីអ្នកជំនាញ ដែលជួយកសិករបង្កើនការថែទាំសត្វ។

គូរបញ្ជាក់ថាកម្មវិធី Technovation Cambodia បានដំណើរការអស់រយៈពេល ១១ ឆ្នាំមកហើយ ដោយបានកសាងមូលដ្ឋានគ្រឹះ បណ្ដុះបណ្ដាល និងគាំទ្រក្មេងស្រីជាង ៣០០០ នាក់ក្នុងវិស័យបច្ចេកវិទ្យា។ យុវជនទទួលបានការអប់រំ ផ្នែកបច្ចេកវិទ្យា ជំនាញឌីជីថលសហគ្រិនភាព ជាដើម ដែលជួយឲ្យយុវជនអាចកសាងមូលដ្ឋានគ្រឹះ និងកសាងអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង