681 ezgif.com resize
Moneygramott moi1280x163px

ទាហានថៃបើកឱ្យ«ទេសចរ»ខ្លួនឡើងប្រាសាទតាមាន់ធំ ក្នុងពេលវេលាហាមឃាត់ នាំឱ្យប៉ះសម្តីជាមួយទាហានកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកក្ដដានេះ បានស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឧបទ្ទវហេតុនេះ បានបង្កឡើងដោយភាគីថៃបើកឱ្យក្រុមអ្នកទេសចរជនជាតិថៃចំនួន ១០០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយបំពាននៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។

លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។ លោកស្រី បន្ថែមថា តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំ ត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ ផ្ទុយទៅវិញ នៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង កងកម្លាំងសម្របសម្រួល និងការពារទាំងអស់ បានចុះពីទីតាំងប្រាសាទរួច។ ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួន ១០០នាក់ ក្នុងនោះ ក៏មានវត្តមានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុន។

បើតាមអ្នកនាំពាក្យ បញ្ជាក់បន្ថែមថា កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេ គឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។

កម្ពុជាអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា។ អ្នកនាំពាក្យ ក៏បានក្រើនរំលឹក ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក៕

Khcct banner

អត្ថបទទាក់ទង