Smart saver cctime web bannertif

ឥណ្ឌាផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកកសិកម្ម សម្រាប់និស្សិតអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា រួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន បានបង្កើតកម្មវិធីអាហារូបករណ៍ ASEAN-India Fellowship សម្រាប់និស្សិតថ្នាក់អនុបណ្ឌិត។ កម្មវិធីនេះផ្ដល់ឱកាសដ៏ល្អសម្រាប់និស្សិតនៅក្នុងតំបន់អាស៊ាន ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យកសិកម្មល្បីៗរបស់ឥណ្ឌា ដោយផ្តោតសំខាន់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម និងវិទ្យាសាស្ត្រសម្ព័ន្ធ។

យោងតាមក្រសួងអប់រំ អាហារូបករណ៍នេះផ្ដល់អត្ថប្រយោជន៍ជាច្រើន រួមមាន ការរ៉ាប់រងថ្លៃសិក្សាពេញលេញសម្រាប់កម្មវិធីថ្នាក់អនុបណ្ឌិត (Master Degree) ក្នុងវិស័យកសិកម្ម និងវិទ្យាសាស្ត្រសម្ព័ន្ធ។ លើសពីនេះ និស្សិតនឹងមានឱកាសសិក្សានៅសាកលវិទ្យាល័យកសិកម្មឥណ្ឌា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌា (ICAR)។ ការចូលរួមក្នុងកម្មវិធីនេះក៏នឹងជួយលើកកម្ពស់សមត្ថភាពរបស់និស្សិតតាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ស្រាវជ្រាវជាមួយអ្នកជំនាញ និងនិស្សិតមកពីប្រទេសដទៃផងដែរ។

បើតាមក្រសួង បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួន។ ទីមួយ ពួកគេត្រូវមានសញ្ញាបត្របរិញ្ញាបត្រក្នុងវិស័យពាក់ព័ន្ធ ដូចជា កសិកម្ម វិទ្យាសាស្ត្រជីវៈ ឬវិស័យស្របគ្នាផ្សេងទៀត។ ទីពីរ ពួកគេត្រូវតែជាប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ាន និងទីបី ត្រូវមានសមត្ថភាពភាសាអង់គ្លេសល្អ។ គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះអាចដាក់ពាក្យបានទាំងសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងចង់បន្តការសិក្សា ក៏ដូចជាបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យពាក់ព័ន្ធ។

អាហារូបករណ៍នេះនឹងផ្ដល់ជូនរយៈពេល ២ឆ្នាំ សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សាធារណជនអាចចូលទៅកាន់គេហទំព័រផ្លូវការ៖ https://link.moeys.gov.kh/fellowship។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ កម្មវិធីអាហារូបករណ៍ ASEAN-India Fellowship នេះគឺជាឱកាសដ៏ល្អមួយសម្រាប់និស្សិតអាស៊ានក្នុងការអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ពួកគេ ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងតំបន់ឱ្យកាន់តែរីកចម្រើន៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង