ភ្នំពេញ៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា លោកមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់លោក ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី២ កក្កដា ២០២៥ លោករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា លោកមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ លោកបន្ថែមថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់៕