
ភ្នំពេញ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព នៅថ្ងៃទី១ កក្កដា ២០២៥ បានប្រកាសពីប្រធានបទដែលនឹងលើកយកមកប្រកួតក្នុង មហោស្រពល្ខោនយីកេទូទាំងប្រទេស លើកទី១ គឺផ្តោតលើ «គុណធម៌ និងកតញ្ញូ»។ក្រោយនាយកដ្ឋានបានចេញសេចក្តីជូនដំណឹង អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកបង្ហាញអារម្មណ៍រំភើប និងគាំទ្រចំពោះការរៀបចំកម្មវិធីនេះ។

យោងតាមគេហទំព័រនៃ នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា នាយកដ្ឋាននឹងរៀបចំ មហោស្រពល្ខោនយីកេទូទាំងប្រទេស លើកទី១ ឆ្នាំ២០២៥ នៅអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៥។ យ៉ាងណាមិញ នាយកដ្ឋានពុំទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់នៅឡើយថានឹងបើកទទួលពាក្យនាពេលណា។
បើតាមប្រភពដដែល បានឱ្យដឹងបន្តទៀតថា មហោស្រពនេះ អនុញ្ញាតជូនទូទៅសម្រាប់ក្រុមល្ខោននីមួយៗដែលមានបំណងចូលរួមប្រលង ចំណែកឯព័ត៌មានលម្អិត នាយកដ្ឋាននឹងជម្រាបជូននាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ក្រោយនាយកដ្ឋានបានចេញសេចក្តីជូនដំណឹងមួយនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកបង្ហាញអារម្មណ៍រំភើប និងគាំទ្រចំពោះការរៀបចំកម្មវិធីនេះ សួរនាំពីនីតិវិធីក្នុងការដាក់ពាក្យប្រកួត កាលបរិច្ឆេទនៃកម្មវិធី និងការអាចចូលទស្សនាផងដែរ៕
