Smart saver cctime web bannertif

ក្រសួងប្រៃសណីយ៍ ពិភាក្សាថ្នាក់ជាតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី ១ កក្កដាម្សិលមិញ បានបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”។ពិធីរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល មានការចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ៤៥០នាក់។

សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកា ដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និង មានការពិនិត្យគ្រប់ទិដ្ឋភាព និង ក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំ និងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។លោកលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។

បើតាមលោក ជា វ៉ាន់ដេត ក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាព និង ទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ “មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។”

គួរបញ្ជាក់ថា ចាប់តាំងពីឆមាសទី១ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្រាវជ្រាវ និងរៀបរៀងខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីបញ្ញាសិប្បនិម្មិត ដើម្បីវាយតម្លៃភាពរួចរាល់របស់កម្ពុជា ក្នុងការចាប់យក និងអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាំងពីខែវិច្ឆិកាឆ្នាំ២០២៤មក តាមវិធីសាស្ត្ររបស់អង្គការយូណេស្កូ ដែលមានការទទួលស្គាល់ជាសាកលនិងបានប្រើប្រាស់នៅប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លទ្ធផលសំខាន់ៗ នៃការវាយតម្លៃនេះ ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍទន្ទឹមគ្នានិងចេញជាសេចក្ដីព្រាងដំបូងនៅខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈកិច្ចសហការ និង ការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ច និង សង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ (អេស្កាប់) សេចក្ដីព្រាងដំបូង ត្រូវបានដាក់ពិគ្រោះយោបល់ក្នុងបណ្ដាញអ្នកជំនាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកអនឡាញចំនួនពីរលើក។ សេចក្ដីព្រាងនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ និងឆ្លងកាត់សិក្ខាសាលាពិនិត្យស៊ីជម្រៅនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃនាដើមខែមេសា និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនិងពហុភាគីជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចំនួន១០លើក។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ ការវាយតម្លៃផ្នែកបញ្ញាសិប្បនិម្មិតកម្ពុជា បានបញ្ចប់របាយការណ៍ផ្លូវការរួចរាល់ រីឯសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ត្រូវបានកែសម្រួលចេញជាកំណែទី៤ ដែលមានបញ្ចូលធាតុចូលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានបន្ថែម “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះមួយ លើអាទិភាពគន្លឹះទាំង៤នៃយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានកំណត់បញ្ចកោណទី៥ សម្រាប់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាពនិងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះនិងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយ ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់និងសកល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង