
ភ្នំពេញ៖ ក្រុមហ៊ុនផ្នែកកសិកម្មធំរបស់ថៃដែលបានបោះទុនវិនិយោគនៅកម្ពុជាជាយូរមកហើយគឺក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា បានប្រកាសនៅតែបន្តទិញដំណាំពោតសម្រាប់ផលិតចំណីសត្វរបស់កម្ពុជាដូចធម្មតាជាប្រចាំ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនធ្លាប់បានបង្អាក់ការទិញជាបណ្ដោះអាសន្នក្រោមហេតុផលជួសជុលឧបករណ៍គ្រឿងចក្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា។
បើតាមសេចក្ដីជូនដំណឹង ការផ្អាកទិញដំណាំពោតនៅថ្ងៃទី ៩ មិថុនា គឺជាការផ្អាកទិញបណ្ដោះអាសន្នដើម្បីធ្វើការជួសជុលឧបករណ៍គ្រឿងចក្រ និងជាការត្រៀមទទួល ទិញកសិផលថ្មីក្នុងរដូវវស្សានេះតែប៉ុណ្ណោះ។ ដោយហេតុនេះ ក្រុមហ៊ុននៅតែបន្តទិញដំណាំពោតសម្រាប់ផលិតចំណីសត្វ និងមានការជូនដំណឹងទុកជាមុនអំពីកាលបរិច្ឆេទនិងទីតាំងទទួលទិញនៅតំបន់សំខាន់ៗ ដូចជា ភ្នំពេញ កំពត និងប៉ៃលិន ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិករ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៦ លើវិស័យកសិ-ឧស្សាហកម្មជាអាទិ៍៖ ចិញ្ចឹមសត្វ, ផលិត និង លក់ចំណីសត្វ-ពូជសត្វ, ថ្នាំសត្វ, ផលិតផលអាហារ, និងចែកចាយផលិតផលពីសត្វដូចជា៖ សាច់ជ្រូក, សាច់មាន់, ពងមាន់, មាន់អាំង, មាន់បំពង ។ល។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក៏បានបើកពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា៕
